នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយកាលពីថ្ងៃសៅរ៍ថា សហភាពអឺរ៉ុបត្រូវការយុទ្ធសាស្ត្រថ្មីមួយស្តីពីសង្គ្រាមនៅអ៊ុយក្រែន ខណៈដែលទណ្ឌកម្មប្រឆាំងនឹងទីក្រុងម៉ូស្គូមិនដំណើរការ។
លោក Orban បាននិយាយនៅក្នុងសុន្ទរកថានៅប្រទេសរ៉ូម៉ានីថា “យើងត្រូវការយុទ្ធសាស្រ្តថ្មីមួយជាចាំបាច់ ដែលគួរតែផ្តោតលើការចរចាសន្តិភាព និងរៀបចំសេចក្តីព្រាងសំណើសន្តិភាពដ៏ល្អជំនួសឱ្យការឈ្នះសង្រ្គាម” ។
អ្នកជាតិនិយម Orban ដែលត្រូវបានជាប់ឆ្នោតជាថ្មីសម្រាប់អាណត្តិទី 4 ជាប់ៗគ្នាក្នុងខែមេសា បានរំលឹកឡើងវិញថា ហុងគ្រីនឹងនៅឆ្ងាយពីសង្គ្រាមនៅក្នុងប្រទេសជិតខាងអ៊ុយក្រែន ។
លោក Orban បាននិយាយមុននេះថា ប្រទេសហុងគ្រីក៏មិនមានឆន្ទៈក្នុងការគាំទ្រការហាមឃាត់របស់សហភាពអឺរ៉ុប ឬការដាក់កម្រិតលើការនាំចូលឧស្ម័នពីរុស្ស៊ីទេ ព្រោះថាវានឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខ្លួន ។
លោកបាននិយាយនៅក្នុងសុន្ទរកថារបស់លោកថា យុទ្ធសាស្ត្ររបស់លោកខាងលិចត្រូវបានបង្កើតឡើងនៅលើសសរស្តម្ភចំនួនបួន៖ ទីមួយដែលអ៊ុយក្រែនអាចឈ្នះសង្រ្គាមប្រឆាំងនឹងរុស្ស៊ីជាមួយនឹងអាវុធរបស់អង្គការណាតូ ទី២ទណ្ឌកម្មនឹងធ្វើឱ្យរុស្ស៊ីចុះខ្សោយ និងទី៣ធ្វើឱ្យមានអស្ថិរភាពដល់ការដឹកនាំរបស់រុស្ស៊ី ទី៤ទណ្ឌកម្មនឹងធ្វើឱ្យប៉ះពាល់ដល់ប្រទេសរុស្ស៊ីច្រើនជាងអឺរ៉ុបទៅទៀត ។
លោក Orban បាននិយាយថា យុទ្ធសាស្រ្តនេះបានបរាជ័យ ដោយសាររដ្ឋាភិបាលនៅអឺរ៉ុបកំពុងដួលរលំរៀបដូចភីសា តម្លៃថាមពលបានកើនឡើង ហើយយើងត្រូវការយុទ្ធសាស្រ្តថ្មីនៅពេលនេះ ។
ប្រភព ៖ Reuters