នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានប្រាប់គណបក្ស Fidesz ដែលកំពុងកាន់អំណាចរបស់លោកថា ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដែលដាក់ដោយសហភាពអឺរ៉ុប គួរតែត្រូវបានលុបចោល នេះបើយោងតាមការចុះផ្សាយរបស់កាសែត Magyar Nemzet ដែលគាំទ្ររដ្ឋាភិបាលកាលពីល្ងាចថ្ងៃពុធ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។
អ្នកនាំពាក្យរដ្ឋាភិបាលលោក Zoltan Kovacs បានបញ្ជាក់ពីការអត្ថាធិប្បាយនេះក្នុងការឆ្លើយតបតាមអ៊ីមែលទៅកាន់ Reuters ។
លោក Orban ដែលជាអ្នករិះគន់យ៉ាងខ្លាំងចំពោះការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើទីក្រុងម៉ូស្គូ ជុំវិញការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំបិទទ្វារនៃសមាជិកគណបក្សរបស់គាត់កាលពីថ្ងៃពុធ ។
កាសែត Magyar Nemzet បានដកស្រង់សម្តីលោក Orban ដោយមិនបានផ្ដល់ប្រភពថា ទណ្ឌកម្មរបស់សហភាពអឺរ៉ុបបានជំរុញឱ្យតម្លៃឧស្ម័ន និងអតិផរណាកើនឡើង ហើយប្រសិនបើវិធានការទាំងនេះត្រូវបានលុបចោល តម្លៃឧស្ម័ននឹងធ្លាក់ចុះ 50% ភ្លាមៗ ខណៈដែលអតិផរណាក៏នឹងធ្លាក់ចុះផងដែរ ។
បើគ្មានទណ្ឌកម្មទេ អឺរ៉ុបអាចទទួលបានភាពរឹងមាំឡើងវិញ ហើយអាចជៀសផុតពីវិបត្តិសេដ្ឋកិច្ចដែលកំពុងតែកើតឡើង របាយការណ៍បានដកស្រង់សម្តីលោក Orban ដោយបញ្ជាក់ឡើងវិញនូវជំហរមុនរបស់គាត់ថា ទណ្ឌកម្មកំពុងធ្វើឱ្យអឺរ៉ុបឈឺចាប់ជាងរុស្ស៊ីទៅទៀត ។
នៅលើទំព័រហ្វេសប៊ុករបស់លោក Orban បានបង្ហោះថា «ទណ្ឌកម្មរបស់ទីក្រុងព្រុចសែលបានរុញអឺរ៉ុបឲ្យធ្លាក់ក្នុងវិបត្តិថាមពល»។
កាលពីខែកក្កដា លោក Orban បាននិយាយថា សហភាពអឺរ៉ុបបាន “បាញ់សួតខ្លួនឯង” ជាមួយនឹងទណ្ឌកម្មសេដ្ឋកិច្ចដែលមិនបានពិចារណាលើប្រទេសរុស្ស៊ី ដែលប្រសិនបើគ្មានការដកទណ្ឌកម្មទេ វាប្រថុយនឹងបំផ្លាញសេដ្ឋកិច្ចអឺរ៉ុប ។