នាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន កំពុងសម្លឹងមើលភ្ញៀវទេសចរមកពីប្រទេសឥណ្ឌា ដើម្បីបង្កើនវិស័យទេសចរណ៍ក្នុងប្រទេស បើទោះបីជាប្រទេសអាស៊ីអាគ្នេយ៍មួយនេះ មានគម្រោងលើកលែងទិដ្ឋាការសម្រាប់អ្នកធ្វើដំណើរមកពីប្រទេសចិន និងកាហ្សាក់ស្ថានក្នុងរដូវវិស្សមកាលដ៏មមាញឹកក៏ដោយ ។
លោក សេដ្ឋា ថាវីស៊ីន បាននិយាយថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌានៅឆ្នាំនេះ ជាមួយនឹងផែនការជួបសមភាគីឥណ្ឌាលោក Narendra Modi និងពិភាក្សាអំពីការបង្កើនជើងហោះហើររវាងប្រទេសទាំងពីរ រួមទាំងសេវាកម្មជាច្រើនទៀតដោយក្រុមហ៊ុនអាកាសចរណ៍ Thai Airways International Pcl ។
លោក សេដ្ឋា បាននិយាយនៅក្នុងបទសម្ភាសន៍មួយអំឡុងវេទិកាសារព័ត៌មានកាលពីថ្ងៃចន្ទថា “ថៃមិនមានជើងហោះហើរចូលច្រើនពីប្រទេសឥណ្ឌានៅឡើយទេ ដោយសារនយោបាយផ្ទៃក្នុង”។ «ខ្ញុំសង្ឃឹមថា នឹងទៅឥណ្ឌាមុនដំណាច់ឆ្នាំដើម្បីចរចាលើបញ្ហានេះ» ។
លោកបាននិយាយថា ប្រទេសថៃក៏អាចនឹងពិចារណាវិធានការផ្សេងទៀត ដើម្បីជំរុញការមកដល់របស់ភ្ញៀវទេសចរឥណ្ឌា ដូចជាការផ្តល់ការលើកលែងពន្ធលើគ្រឿងអលង្ការដែលនាំចូលសម្រាប់ពិធីមង្គលការឥណ្ឌាដែលធ្វើឡើងនៅក្នុងប្រទេសថៃ ដែលជាគោលដៅពេញនិយមសម្រាប់ពិធីបែបនេះ ។ លោកបាននិយាយថា ដោយសារអ្នកទេសចរឥណ្ឌាអាចទទួលបានទិដ្ឋាការថៃយ៉ាងងាយស្រួលរួចហើយ ការលើកលែងទិដ្ឋាការប្រហែលជាមិនចាំបាច់ទេ ។
ការអត្ថាធិប្បាយរបស់លោក សេដ្ឋា បានធ្វើឡើងមួយសប្តាហ៍បន្ទាប់ពីគណៈរដ្ឋមន្ត្រីរបស់លោកបានអនុម័តលើការលើកលែងទិដ្ឋាការបណ្តោះអាសន្នសម្រាប់អ្នកទេសចរចិន និងកាហ្សាក់ស្ថាន នៅមុនរដូវកាលវិស្សមកាលខាងមុខនេះ ។ ភ្ញៀវទេសចរណ៍មកពីប្រទេសទាំងពីរអាចចូលប្រទេសថៃដោយគ្មានទិដ្ឋាការចន្លោះពីថ្ងៃទី ២៥ ខែកញ្ញាដល់ថ្ងៃទី ២៩ ខែកុម្ភៈ ហើយអាចស្នាក់នៅបានអតិបរមា ៣០ ថ្ងៃក្នុងមួយលើក ។
នាយករដ្ឋមន្រ្តីថៃរូបនេះនិយាយថា កម្មវិធីលើកលែងទិដ្ឋាការ ត្រូវបានគេរំពឹងថានឹងនាំមកនូវប្រាក់ចំនួន ៣៥ ពាន់លានបាត (៩៨០ លានដុល្លារ) ពីភ្ញៀវទេសចរចិន។ ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសចំនួន ១៨,៥ លាននាក់មកដល់ពេលនេះដោយមានចំនួនដល់ទៅ ២៨ លាននាក់រំពឹងទុកនៅចុងឆ្នាំនេះ ។
Bloomberg