នាយករដ្ឋមន្ត្រីជប៉ុនបរិភោគគ្រឿងសមុទ្រដែលយកពីតំបន់ Fukushima ដើម្បីបង្ហាញថា វាមានសុវត្ថិភាព បន្ទាប់ពីទឹកសំណល់ពីរោងចក្រនុយក្លេអ៊ែរត្រូវបានបញ្ចេញចូលទៅក្នុងសមុទ្រ
Asia China

នាយករដ្ឋមន្ត្រីជប៉ុនបរិភោគគ្រឿងសមុទ្រដែលយកពីតំបន់ Fukushima ដើម្បីបង្ហាញថា វាមានសុវត្ថិភាព បន្ទាប់ពីទឹកសំណល់ពីរោងចក្រនុយក្លេអ៊ែរត្រូវបានបញ្ចេញចូលទៅក្នុងសមុទ្រ

នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងរដ្ឋមន្ត្រីរបស់គាត់បីនាក់បានទទួលទានត្រីសមុទ្រដែលត្រូវបាននេសាទនៅតំបន់ Fukushima​ នៅក្នុងកិច្ចប្រជុំអាហារថ្ងៃត្រង់មួយកាលពីថ្ងៃពុធ ក្នុងកិច្ចខិតខំប្រឹងប្រែង​ដើម្បីបង្ហាញថា ត្រីសមុទ្ររបស់ជប៉ុនមានសុវត្ថិភាពបន្ទាប់ពីការបញ្ចេញទឹកសំណល់វិទ្យុសកម្មដែលត្រូវបានបន្សុតរួចចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន ។

លោក Kishida និងរដ្ឋមន្ត្រីទាំងបីបានបរិភោគត្រីសមុទ្រឆៅដែលចាប់បានពីឆ្នេរសមុទ្រ Fukushima ​ រួមជាមួយនឹងបន្លែ ផ្លែឈើ និងបាយមួយចានដែលត្រូវបានដាំដុះនៅក្នុងខេត្តផ្ទាល់ នេះបើតាមលោក Yasutoshi Nishimura រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងឧស្សាហកម្ម បានប្រាប់អ្នកសារព័ត៌មាន។ ​

ការបញ្ចេញទឹកសំណល់ដែលត្រូវបានបន្សុតរួចចូលទៅក្នុងមហាសមុទ្រ ដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ហើយត្រូវបានគេរំពឹងថានឹងបន្តអស់ជាច្រើនទសវត្សរ៍ ត្រូវបានប្រឆាំងយ៉ាងខ្លាំងដោយក្រុមនេសាទ និងដោយប្រទេសជិតខាង ។ ប្រទេសចិនបានហាមឃាត់ការនាំចូលអាហារសមុទ្រជប៉ុនភ្លាមៗជាការឆ្លើយតប ។ នៅប្រទេសកូរ៉េខាងត្បូង មនុស្សរាប់ពាន់នាក់បានចូលរួមការប្រមូលផ្តុំកាលពីចុងសប្តាហ៍ ដើម្បីថ្កោលទោសការបញ្ចេញទឹកវិទ្យុសកម្មនេះ ។

លោក Nishimura បាននិយាយថា អាហារថ្ងៃត្រង់បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់លោក Kishida ក្នុងការទទួលយកភាពជាអ្នកដឹកនាំក្នុងការដោះស្រាយការខូចខាតកេរ្តិ៍ឈ្មោះ ​។ “វាមានសារៈសំខាន់ណាស់ក្នុងការបង្ហាញពីសុវត្ថិភាពដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ និងធ្វើការផ្សព្វផ្សាយយ៉ាងព័ត៌មាននៅក្នុង និងក្រៅប្រទេសជប៉ុន។”

AP

Leave a Reply

Your email address will not be published. Required fields are marked *