ទស្សនាវដ្តី The Diplomat ៖ វៀតណាម​បារម្ភពីការបាត់បង់ផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន ក្រោយកម្ពុជាបញ្ចេញគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោដែលធ្វើឲ្យកម្ពុជាលែងពឹងលើវៀតណាម
Asia

ទស្សនាវដ្តី The Diplomat ៖ វៀតណាម​បារម្ភពីការបាត់បង់ផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន ក្រោយកម្ពុជាបញ្ចេញគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោដែលធ្វើឲ្យកម្ពុជាលែងពឹងលើវៀតណាម

​កាលពីថ្ងៃទី១១ ខែធ្នូ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានជួបជាមួយសមភាគីវៀតណាម លោក Pham Minh Chinh ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ។ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ ភាគី​ទាំងពីរ​បាន​ពិភាក្សា​លើ​បញ្ហា​ជាច្រើន​ដូចជា​វិស័យ​ការពារជាតិ កិច្ចការ​ព្រំដែន ពាណិជ្ជកម្ម និង​អប់រំ ។ ពួកគេក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ និងពាណិជ្ជកម្មផងដែរ ។

 

ក្នុង​អំឡុង​ពេល​ជួប​ពិភាក្សា​ជាមួយ​លោក ហ៊ុន ម៉ាណែត លោក Pham Minh Chinh បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​គម្រោងព្រែកជីកហ្វូណនតេជោរបស់​កម្ពុជា ។ នាយករដ្ឋមន្រ្តីវៀតណាមរូបនេះបង្ហាញការព្រួយបារម្ភ​ថា គម្រោងនេះនឹងជះឥទ្ធិពលអវិជ្ជមានដល់បរិស្ថាន និងប្រព័ន្ធទឹកនៃទន្លេមេគង្គ ជាពិសេសទឹកទន្លេខាងក្រោមដែលហូរពីកម្ពុជាទៅវៀតណាម។ ជាការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា ការសិក្សាបឋមលើគម្រោងនេះ បង្ហាញថា ផលប៉ះពាល់បរិស្ថានលើប្រទេសវៀតណាមនឹងមានតិចតួចបំផុត ។

 

គម្រោង​ព្រែកជីកហ្វូណនតេជោ ដែល​ត្រូវ​ប៉ាន់​ប្រមាណ​ថា​នឹង​ចំណាយ​ថវិកា​ប្រមាណ ១,៧ ពាន់​លាន​ដុល្លារ ជាព្រែកជីកមួយ​ដែល​នឹង​តភ្ជាប់​កំពង់ផែ​សមុទ្រ​របស់​កម្ពុជា​នៅ​ភាគ​និរតី​ទៅ​ទន្លេ​មេគង្គ ។ មាន​​ប្រវែង ១៨០ គីឡូម៉ែត្រ​ព្រែកជីកហ្វូណនតេជោ​នឹង​តភ្ជាប់​ខេត្ត​ជាប់​មាត់​សមុទ្រ​​របស់​ទៅ​​ទន្លេមេគង្គ​ ។ នេះនឹងបង្កើតជាផ្លូវទឹកតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ឆ្នេរសមុទ្រ និងសំខាន់ជាងនេះទៅទៀតគឺកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់ប្រទេសនេះនៅខេត្តព្រះសីហនុ ។

 

ការ​សិក្សា​លទ្ធភាព​សម្រាប់​គម្រោង​នេះ​ត្រូវ​បាន​បញ្ចប់​ហើយ ហើយ​រដ្ឋាភិបាល​កម្ពុជា​បាន​ប៉ាន់​ប្រមាណ​ថា​នឹង​ត្រូវ​ចំណាយ​ពេល ៤ ឆ្នាំ​ដើម្បី​បញ្ចប់គម្រោងសាងសង់ ។ ប្រសិនបើជោគជ័យ វានឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូនទំនិញពីកំពង់ផែទឹកជ្រៅទៅកាន់ទីក្រុងភ្នំពេញ ។

 

ការព្រួយបារម្ភរបស់វៀតណាមត្រូវបានមើលឃើញដោយអ្នកអត្ថាធិប្បាយ និងឥស្សរជននយោបាយកម្ពុជាជាច្រើន​ថា វៀតណាមព្រួយបារម្ភលើបញ្ហានយោបាយ-សេដ្ឋកិច្ចជាជាងបរិស្ថាន។ វៀតណាម​មិន​សប្បាយ​ចិត្ត​នឹង​កម្ពុជា​ទាក់ទងនឹងគម្រោង​នេះ។

 

ការព្រួយបារម្ភរបស់វៀតណាមចំពោះគម្រោង​ព្រែកជីកហ្វូណនតេជោរបស់កម្ពុជា ភាគច្រើនគឺមានលក្ខណៈសេដ្ឋកិច្ចដោយសារព្រែកជីកហ្វូណនតេជោ នឹងកាត់បន្ថយការពឹងពាក់របស់កម្ពុជាលើវៀតណាមសម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹក ។ ក្នុងឆ្នាំ ២០១៦ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនបានចេញផ្សាយរបាយការណ៍មួយដែលបង្ហាញថាទី ក្រុងភ្នំពេញពឹងផ្អែកលើកំពង់ផែរបស់វៀតណាមសម្រាប់ការដឹកជញ្ជូនការនាំចេញសម្លៀកបំពាក់ និងការនាំចូលវត្ថុធាតុដើម ។

ទីក្រុងភ្នំពេញមានផ្លូវទឹកតភ្ជាប់ទៅកាន់កំពង់ផែរបស់វៀតណាមតាមរយៈទន្លេមេគង្គ ។ ដូច្នេះ ការនាំចេញសម្លៀកបំពាក់ជាធម្មតាត្រូវបានដឹកជញ្ជូនតាមកប៉ាល់ពីកំពង់ផែស្វយ័តភ្នំពេញទៅកាន់កំពង់ផែ​ទីក្រុងហូជីមិញ ​។ ​

 

ព្រែកជីកហ្វូណនតេជោ​នឹង​ផ្ដល់​នូវ​ការ​តភ្ជាប់​ដែលមិនធ្លាប់មានពីមុនមករវាង​រាជធានី​ភ្នំពេញ និង​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ។ នេះនឹងអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញងាយស្រួលរវាងកំពង់ផែទាំងពីរនៅភ្នំពេញ និងខេត្តព្រះសីហនុ និងកាត់បន្ថយការពឹងផ្អែករបស់កម្ពុជាលើកំពង់ផែវៀតណាម ។ នៅក្នុង​​អ្វី​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ហៅ​ថា «​ដកដង្ហើម​តាម​ច្រមុះ​ខ្លួនឯង​»​។

 

នៅពេលដែលព្រែកជីកហ្វូណនតេជោត្រូវបានបញ្ចប់ការសាងសង់ វៀតណាមពិតជានឹងបាត់បង់ផលប្រយោជន៍សេដ្ឋកិច្ច និងឥទ្ធិពលរបស់ខ្លួនលើកម្ពុជា ហើយនេះ​បង្ហាញយ៉ាងច្បាស់ ហេតុអ្វីនាយករដ្ឋមន្ត្រីវៀតណាម​បញ្ចេញកង្វល់របស់ខ្លួនលើគម្រោងនេះ ។

The Diplomat 

Leave a Reply

Your email address will not be published. Required fields are marked *