News & Blogs

News

តើ ហូ ជីមិញ ជានរណា?

website-cover-3

តើ ហូ ជីមិញ ជានរណា?

ជីវប្រវត្តិ ហូ ជីមិញ

នាយករដ្ឋមន្ត្រី (១៨៩០-១៩៦៩)

អ្នកបដិវត្តជាតិនិយម ហូ ជីមិញ គឺជាប្រធានាធិបតីនៃប្រទេសវៀតណាមខាងជើងក្នុងឆ្នាំ ១៩៥៤ ដល់ ១៩៦៩ ។

តើ ហូ ជីមិញ ជានរណា?

ហូ ជីមិញគឺជាស្ថាបនិក និងជាមេដឹកនាំទីមួយនៃចលនាជាតិនិយមរបស់ប្រទេសវៀតណាម ។ ចាប់ផ្តើមតាំងពីដើមសតវត្សរ៍ទី ២០ ហូបានក្លាយជាសំឡេងដ៏លេចធ្លោសម្រាប់ឯករាជ្យប្រទេសវៀតណាម ។ គាត់ត្រូវបានបំផុសគំនិតដោយបដិវត្ត បុលហ្សេវិក (Bolshevik) និងបានចូលរួមជាមួយបក្សកុម្មុយនិស្តដោយបានធ្វើដំណើរទៅសហភាពសូវៀត និងប្រទេសចិនដើម្បីផ្សព្វផ្សាយគោលនយោបាយលទ្ធិសង្គមនិយមទៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២ គាត់បានអំពាវនាវដល់សហរដ្ឋអាម៉េរិកជួយគាត់ក្នុងការរំដោះវៀតណាមពីការគ្រប់គ្រងរបស់បារាំង ។ ប៉ុន្តែសណ្តាប់ធ្នាប់ពិភពលោកក្រោយសង្គ្រាមលោក គឺមិនទទួលបានការពេញចិត្តពីគាត់ទេ ហើយគាត់បានចងសម្ព័ន្ធភាពក្តីសង្ឃឹមនៃប្រទេសរបស់គាត់ជាមួយសហភាពសូវៀត និងប្រទេសចិនកុម្មុយនិស្ត ។ ត្រូវបានគេស្គាល់ថាជា “ពូហូ” គាត់បានក្លាយជានិមិត្តរូបនៃការរំដោះប្រទេសវៀតណាម និងជាគូប្រជែងសំខាន់បំផុតរបស់សហរដ្ឋអាម៉េរិកនៅក្នុងសង្គ្រាមវៀតណាម ។

ទីក្រុង​ហូ ជីមិញ

បដិវត្តវៀតណាម

ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ប្រទេសអាល្លឺម៉ង់បានកាន់កាប់ប្រទេសបារាំង និងបណ្តាប្រទេសអ៊ឺរ៉ុបដទៃទៀតដោយទុកឱ្យតំបន់ឥណ្ឌូចិននៅទំនេរ ។ ជប៉ុនបានចូលមកបំពេញកន្លែងទំនេរដោយបានកាន់កាប់ភាគច្រើននៅឥណ្ឌូចិន ។ ហូ ជីមិញបានរឆ្លងកាត់ព្រំដែនពីប្រទេសចិនដើម្បីប្រមូលប្រជាជនរបស់គាត់ឆ្ពោះទៅរកឯករាជ្យភាព ។

និយមន័យនៃពាក្យ «វៀតមិញ»

មិនយូរប៉ុន្មាន គាត់បានបង្កើតចលនាបដិវត្តដែលគាត់បានហៅថាសម្ព័ន្ធឯករាជ្យវៀតណាម-វៀតមិញ ។ នៅពេលនោះហើយដែលគាត់បានប្រើឈ្មោះ “ហូ ជីមិញ” ដែលមានន័យថា “អ្នកនាំពន្លឺ” ។ ហូ និង ទីប្រឹក្សាយោធារបស់គាត់បានបង្កើតទ្រឹស្តីពិសេសមួយនៃសង្គ្រាមដែលពឹងផ្អែកលើយុទ្ធសាស្ត្រទ័ពព្រៃវាយ ហើយដកថយ (hit and run guerrilla tactics) ។ ប្រជាជនទាំងប្រុសទាំងស្រីត្រូវបានជ្រើសរើសចូលធ្វើជាទាហានថ្មើជើងមកពីគ្រប់ផ្នែកនៃសង្គម ។ ទាំងប្រុសទាំងស្រីបានឃើញការប្រយុទ្ធ និងចូលរួមក្នុងការប្រយុទ្ធ ការជញ្ជូនគ្រឿងផ្គត់ផ្គង់ និងកងទ័ព ។ អ្នកខ្លះត្រូវបានបង្ខំឱ្យចូលរួម ចំណែកអ្នកខ្លះទៀតបានស្ម័គ្រចិត្តដោយឆន្ទៈរបស់ពួកគេផ្ទាល់ ។ ដោយកំពុងស្វែងរកការគាំទ្រ ហូបានបង្កើតសម្ព័ន្ធភាពជាមួយអ្នកការទូតអាម៉េរិក និងមន្ត្រីស៊ើបការណ៍សម្ងាត់ដែលកំពុងស្វែងរកសម្ព័ន្ធភាពដើម្បីកម្ចាត់ពួកជប៉ុន ។ ពួកគេបានធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាគ្រោះទុរភិក្សដែលបានសម្លាប់ប្រជាជនវៀតណាមអស់រាប់លាននាក់នៅចន្លោះឆ្នាំ ១៩៤៣-៤៤ ។ ភ្នាក់ងារមកពីការិយាល័យសេវាកម្មយុទ្ធសាស្ត្រ (OSS ភ្នាក់ងារ CIA) បានផ្គត់ផ្គង់ដល់កម្លាំងដែលគ្មានបទពិសោធរបស់ហូជាមួយនឹងអាវុធ និងការបណ្តុះបណ្តាលខ្លះៗដើម្បីឆ្មក់ចូលវាយប្រហារស្តុកអាហាររបស់កងទ័ពជប៉ុនដើម្បីយកស្បៀងមកចិញ្ចឹមប្រជាជនវៀតណាមដែលកំពុងស្រេកឃ្លាន ។ នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៤៥ គ្រាប់បែកបរមាណូមួយបានបញ្ចប់មហិច្ឆតារបស់ជប៉ុនក្នុងការត្រួតត្រាតំបន់អាស៊ីបូព៌ា ។ ហូ ជីមិញបានផ្លាស់ប្តូរយ៉ាងលឿន មុនពេលបារាំងអាចប្រមូលផ្តុំ និងយកអាណានិគមរបស់ពួកគេមកវិញ ។ នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ គាត់បានឈរនៅមុខហ្វូងមនុស្សនៅរង្វង់មូល បាឌិញនៅហាណូយ (Ba Dinh, Hanoi) ជាមួយនឹងមន្ត្រីរបស់ OSS ម្នាក់ដែលឈរនៅក្បែរនោះ ហូ ជីមិញបានចាប់ផ្តើមសុន្ទរករបស់គាត់ដោយនិយាយថា “មនុស្សទាំងអស់កើតមកដោយស្មើភាពគ្នា ។ ពួកគេត្រូវតែទទួលបានសិទ្ធិក្នុងការរស់នៅក្នុងនោះរួមមាន ជីវិត សេរីភាព និងការស្វែងរកសុភមង្គល” ។ ការប្រើប្រាស់ពាក្យទំនាយរបស់ជែហ្វឺរសុន (Jefferson) របស់ហូ គឺមានប្រសិទ្ធភាព ប៉ុន្តែ calculative  ។ លោកប្រធានាធិបតី Franklin D. Roosevelt បានសន្យាថា បន្ទាប់ពី សង្គ្រាមលោកត្រូវបានបញ្ចប់គាត់នឹងគោរពសិទ្ធិរបស់ប្រជាជនទាំងអស់ក្នុងការជ្រើសរើសទម្រង់រដ្ឋាភិបាលរបស់ពួកគេ ។ ប៉ុន្តែ ឥឡូវលោកបានស្លាប់បាត់ទៅហើយ ។ សម្ព័ន្ធភាពរបស់អាម៉េរិកជាមួយសហភាពសូវៀតបានដួលរលំ ហើយកម្លាំងរបស់លោកនាយករដ្ឋមន្ត្រីចូសេហ្វ ស្តាលីនបានកាន់កាប់អឺរ៉ុបខាងកើត ។ ប្រធានាធិបតីបារាំងលោក ឆាល ឌឺ ហ្គូល (Charles De Gaule) បានព្រមានប្រធានាធិបតីអាម៉េរិកគឺលោក Harry Truman ថា ប្រសិនបើបារាំងមិនអាចគ្រប់គ្រងអាណានិគមរបស់ខ្លួនវិញបានទេ នោះប្រទេសទាំងនោះអាចនឹងធ្លាក់លើដៃពួកកុម្មុយនិស្ត ។ ហូ ជីមិញ បានធ្វើដំណើរទៅកាន់ទីក្រុងប៉ារីសដើម្បីបញ្ចុះបញ្ចូលបារាំងឱ្យគោរពការសន្យារបស់ពួកគេអំពីស្វ័យភាពបន្ថែមទៀតសម្រាប់អាណានិគមរបស់ខ្លួនរួមមានប្រទេសវៀតណាម ។ តែបារាំងមិនស្តាប់គាត់ទេ ។ នៅឆ្នាំ ១៩៤៦ បារាំងបានវិលត្រឡប់មកប្រទេសវៀតណាមវិញដើម្បីគ្រប់គ្រងអាណានិគមរបស់ពួកគេ ហើយហូបានវិលត្រឡប់ទៅប្រយុទ្ធដើម្បីឯករាជ្យរបស់ខ្លួនវិញដូចគ្នា ។

ហេតុអ្វីអាម៉េរិកជួយបារាំង?

នៅឆ្នាំ ១៩៥០ មេដឹកនាំចិនកុម្មុយនិស្តគឺលោកម៉ៅ សេទុងបានទទួលស្គាល់ជាផ្លូវការថាវៀតណាមជាប្រទេសឯករាជ្យមួយ ។ មិនយូរប៉ុន្មាន សហភាពសូវៀតក៏បានទទួលស្គាល់ដូចគ្នា ។ អាម៉េរិកបានប្រមើលមើលប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ថា ប្រទេសទាំងនេះនឹងធ្លាក់ក្នុងដៃពួកកុម្មុយនិស្តម្ដងមួយៗ ។ ក្រោមសម្ពាធនយោបាយចំពោះការបាត់បង់សម្ព័ន្ធមិត្តជាមួយប្រទេសចិន និងបរាជ័យក្នុងការតតាំងពីការគំរាមកំហែងនៃពួកកុម្មុយនិស្ត ប្រធានាធិបតីអាម៉េរិកគឺលោក Harry Truman បានអនុម័តកម្មវិធីជំនួយចំនួន ២៣លានដុល្លារសម្រាប់ប្រទេសបារាំងដើម្បីរក្សាការគ្រប់គ្រងរបស់ខ្លួនទៅលើប្រទេសវៀតណាម ។ ប្រទេសវៀតណាមត្រូវបានបែងចែកជាពីរគឺ វៀតណាមកុម្មុយនិស្តខាងជើង និងវៀតសេរីខាងត្បូង បន្ទាប់ពីសង្គ្រាមប្រាំបីឆ្នាំ បារាំងបានចាញ់វៀតណាមនៅសមរភូមិដៀនបៀនភូ (Dien Bien Phu) ហើយក៏បានបង្ខំចិត្តដកខ្លួនចេញពីប្រទេសវៀតណាម ។ នៅក្នុងកិច្ចចរចាសន្តិភាពទីក្រុងហ្សឺណែវ (Geneva Peace Talks) ប្រទេសវៀតណាមត្រូវបានបែងចែកទៅជាតំបន់កុម្មុយនិស្តខាងជើង និងតំបន់មិនមែនកុម្មុយនិស្តខាងត្បូង ។ ហូ ជីមិញបានក្លាយជាប្រធានាធិបតីនៃប្រទេសវៀតណាមខាងជើង និងបានប្តេជ្ញាចិត្តដើម្បីបង្រួបបង្រួមប្រទេសរបស់គាត់ឡើងវិញនៅក្រោមការគ្រប់គ្រងតាមបែបកុម្មុយនិស្ត ។ ហូ បានផ្តួចផ្តើមយុទ្ធនាការធ្វើកំណែទម្រង់ដីធ្លីក្នុងឆ្នាំ ១៩៥៤ ។ លំនាំនេះត្រូវបានអនុវត្តបន្ទាប់ពីកម្មវិធីកំណែទម្រង់ដីធ្លីរបស់ប្រទេសចិន ផែនការនេះបានបង្ហាញថា ជាការបរាជ័យក្នុងរយៈពេលពីរឆ្នាំ ហើយមិនទទួលបានប្រជាប្រិយភាពក្នុងចំណោមកសិករវៀតណាមដោយពួកគេបានធ្វើការបះបោរ ។ កសិករវៀតណាមជិត ៥ពាន់នាក់ត្រូវបានសម្លាប់ដោយរដ្ឋាភិបាលហូក្នុងការប្តេជ្ញាធ្វើផែនការនេះឲ្យជោគជ័យ ។ នៅឆ្នាំ ១៩៦០ ហូ ជីមិញបានបង្កើតរណសិរ្សរំដោះជាតិ ឬវៀតកុងដើម្បីទប់ទល់នឹងវៀតណាមខាងត្បូងដែលគាំទ្រដោយសហរដ្ឋអាម៉េរិក ។ ការប៉ះទង្គិចគ្នារវាងកងកម្លាំងរវៀតកុង នឹងកងទ័ពវៀតណាមខាងត្បូងបានបណ្ដាលឲ្យសហរដ្ឋអាម៉េរិកពាក់ព័ន្ធក្នុងជម្លោះមួយនេះ ។ ក្នុងអំឡុងពេលរដ្ឋបាលរបស់ Eisenhower និង Kennedy ជំនួយត្រូវបានកំណត់ចំពោះគ្រឿងបរិក្ខារ និងទីប្រឹក្សាយោធានៅក្នុងសង្គ្រាមនេះ ។ ប៉ុន្តែនៅចុងឆ្នាំ ១៩៦៣ កងទ័ពអាម៉េរិកចំនួន ៤០០នាក់បានស្លាប់នៅប្រទេសវៀតណាម ហើយអាម៉េរិកក៏ស្ទើតែចូលរួមក្នុងសង្គ្រាមនេះកាន់តែជ្រៅទៀត ។ នៅឆ្នាំ ១៩៦៥ ប្រធានាធិបតី Lyndon Johnson បានបង្កើនការខិតខំប្រឹងប្រែងសង្គ្រាមរបស់សហរដ្ឋអាម៉េរិកជាមួយនឹងយុទ្ធនាការទម្លាក់គ្រាប់បែកនៅវៀតណាមខាងជើង និងបានបង្កើនការពង្រាយកងទ័ពនៅវៀតណាមខាងត្បូង ។ ហូ ជីមិញបានក្លាយជាតំណាងនៃបដិវត្តន៍ចំពោះប្រជាជាតិវៀតណាម ។ ផ្លូវ ៥៥៩ ដ៏កក្រើកដែលរត់តាមព្រំដែនខាងលិចនៃប្រទេសវៀតណាម និងប្រទេសឡាវត្រូវបានគេដាក់ឈ្មោះថាជា“ ផ្លូវលំហូជីមិញ” ។ នៅពេលនោះ ហូ ជីមិញបានបង្វែរផ្ទេរកិច្ចការធ្វើសង្គ្រាមភាគច្រើនទៅឲ្យទីប្រឹក្សានយោបាយ និងយោធារបស់គាត់គឺលោក Le Zuan និង Vo Nguyen Giap ។ ហូខ្លួនឯងផ្ទាល់នឹងបង្ហាញខ្លួនជាសាធារណៈសម្រាប់សុន្ទរកថា និងការជួបជុំផ្សេងៗ ប៉ុន្តែភាគច្រើន គាត់មិនបានចូលរួមដោយផ្ទាល់នៅក្នុងកិច្ចការសង្គ្រាមនោះទេ ។

បឋមជីវិត

ហូ ជីមិញ មានឈ្មោះដើមថា Nguen Sihh Cung កើតនៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ១៨៩០ នៅខេត្ត Nghe នៅចំកណ្តាលនៃប្រទេសវៀតណាម ។ គាត់ត្រូវបានគេនាំចូលក្នុងចលនាតស៊ូដើម្បីឯករាជ្យជាតិតាំងពីនៅតូចម្លេះ ។ ខេត្ត Nghe គឺជាតំបន់នៃការតស៊ូប្រឆាំងនឹងការគ្រប់គ្រងមួយពាន់ឆ្នាំរបស់ប្រទេសចិនលើប្រទេសវៀតណាម ។ ឪពុករបស់ហូគឺជាមន្ត្រីតូចតាចម្នាក់នៅក្នុងរបបបារាំង និងជាអ្នករិះគន់យ៉ាងសកម្មចំពោះអាណានិគមនិយមបារាំងនៅក្នុងប្រទេសវៀតណាម ។ ទីបំផុត គាត់បានលាឈប់ពីតួនាទីរបស់គាត់ដើម្បីប្រឆាំងនឹងការគ្រប់គ្រងរបស់បារាំង ។ ហូ ជីមិញ បានចូលរៀននៅសាលាជាតិនៅ Hue ដែលជាទីក្រុងមួយនៅឆ្នេរសមុទ្រភាគកណ្តាលនៃប្រទេសវៀតណាម ។ គាត់ត្រូវបានគេបណ្តេញចេញដោយសារតែការធ្វើបាតុកម្មប្រឆាំងនឹងអធិរាជអាយ៉ងបាវ ដាយ និងមន្ត្រីបារាំងដែលគ្រប់គ្រងទ្រង់ ។ ហូបានចាកចេញពីប្រទេសវៀតណាមតាមកប៉ាល់របស់បារាំង ហើយបានធ្វើដំណើរទៅកាន់កំពង់ផែជាច្រើនដូចជា បូស្តុន ញូវយ៉ក ក្រុងឡុង ហើយទីបំផុតបានតាំងទីលំនៅនៅប៉ារីសប្រទេសបារាំង ។ នៅទីនោះ គាត់បានចូលរួមជាមួយបក្សកុម្មុយនីស្ត ហើយបានរកឃើញសំណេររបស់លោកវ្ល៉ាឌីមៀរ លេនីន ។ ដោយប្ដូរឈ្មោះទៅជា Nguyen Ai Quoc ឬ“Nguen the Patriot” គាត់បានបរាជ័យក្នុងការបញ្ចុះបញ្ចូលទាមទាឯករាជ្យភាពរបស់វៀតណាមនៅក្នុងសន្និសីទសន្តិភាពវ៉ាសៀ (Versailles Peace Conference) ក្នុងឆ្នាំ ១៩១៩ ។ នៅឆ្នាំ ១៩២៣ ហូត្រូវបានគេអញ្ជើញឱ្យទៅកាន់ទីក្រុងម៉ូស្គូដើម្បីចូលរួម ជាមួយ Comintern ដែលជាអង្គការបង្កើតឡើងដោយលេនីនដើម្បីលើកកម្ពស់បដិវត្តពិភពលោក ។ គាត់បានហ្វឹកហាត់ធ្វើជាភ្នាក់ងារសូវៀត ប៉ុន្តែជារឿយៗត្រូវបានគេរិះគន់ថាជាគាត់ជាអ្នកជាតិនិយមពេក និងទុកកិច្ចការកុម្មុយនិស្តជារឿងទីពីរ ។ បន្ទាប់មក គាត់ត្រូវបានគេបញ្ជូនទៅប្រទេសចិនដើម្បីជួយបង្កើតបក្សកុម្មុយនិស្តឥណ្ឌូចិនជាមួយជននិរទេសវៀតណាមដទៃទៀត ។

មរណភាព និង កេរដំណែល

នៅឆ្នាំ ១៩៦៧ សុខភាពរបស់ហូ ជីមិញបានធ្លាក់ចុះ ។ គាត់បានបង្ហាញខ្លួនជាសាធារណៈពីរបីដងប៉ុណ្ណោះ ប៉ុន្តែកេរដំណែលរបស់គាត់ត្រូវបានរក្សាទុកនៅវៀតណាមខាងជើងសម្រាប់ជាគោលនយោបាយឃោសនា ។ ការតស៊ូនយោបាយរបស់គាត់ជាមួយលោកខាងលិចជិតចប់ហើយ ។ គាត់កំពុងឆ្ពោះទៅរករូបភាពនៃវីរបុរសជាតិ ។ នៅប្រទេសវៀតណាមខាងជើង គាត់ត្រូវបានគេចាត់ទុកថាជាបិតារបស់ប្រជាជាតិ ហើយជាទូទៅគាត់ត្រូវបានគេហៅថា “ពូហូ” ។ នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៦៩ ហូជីមីញបានទទួលមរណភាពដោយសារជំងឺខ្សោយបេះដូងនៅផ្ទះរបស់គាត់នៅហាណូយក្នុងជន្មាយុ ៧៩ ឆ្នាំ ។ វាជិត ៦ ឆ្នាំ មុនពេលដែលរដ្ឋាភិបាលវៀតណាមខាងត្បូងត្រូវបានដួលរលំ ហើយកងកម្លាំងសហរដ្ឋអាម៉េរិកដកថយដើម្បីបញ្ចប់សង្គ្រាមនៅវៀតណាម ។ ឯកសារយោង៖ https://www.biography.com/political-figure/ho-chi-minh?li_source=LI&li_medium=m2m-rcw-history

ស្តាប់ អាន តាមដានព័ត៌មាន

ចុះឈ្មោះចូលជាសមាជិក ចាប់ផ្តើមពី ២.៩៩ដុល្លារ/ខែ

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!