News & Blogs

News អត្ថបទព័ត៌មាន

តើកងកម្លាំងអាហ្វហ្គានីស្ថានអាចទប់ទល់នឹងពួកតាលីបង់បានទេ បន្ទាប់ពីកងទ័ពអាម៉េរិកចាកចេញពីទីនោះ ?

តើកងកម្លាំងអាហ្វហ្គានីស្ថានអាចទប់ទល់

តើកងកម្លាំងអាហ្វហ្គានីស្ថានអាចទប់ទល់នឹងពួកតាលីបង់បានទេ បន្ទាប់ពីកងទ័ពអាម៉េរិកចាកចេញពីទីនោះ ?

នៅថ្ងៃទី១៤ ខែមេសា លោកប្រធានាធិបតីចូ បៃដិនបានប្រកាសថា កងទ័ពអាម៉េរិកទាំងអស់នឹងត្រូវចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន (Afghanistan) នៅខែកញ្ញាខាងមុខនេះ ។ តែឥឡូវនេះ វាហាក់ដូចជាអាចទៅរួចដែលថា ពួកគេនឹងត្រូវបានចាកចេញឆាប់ៗនៅខែកក្កដានេះវិញ ។ នាយឧត្តមសេនីយ៍បានកត់សម្គាល់ថា ការគាំទ្រ និងជួយដល់ការគ្រប់គ្រងប្រទេសនេះគឺជិតដល់ពេលត្រូវបញ្ចប់ហើយ ។ 

អំពើហិង្សាពីការបះបោរដែលដឹកនាំដោយពួកតាលីបង់ (Taliban) កំពុងតែកើនឡើងជាលំដាប់ ប៉ុន្តែលោកបៃដិន មិនមានការចាប់អារម្មណ៍ក្នុងការពន្យាពេលដកកងទ័ពចេញពីប្រទេសនេះនោះទេ ។ គាត់ជាអ្នករិះគន់យូរមកហើយពីការចូលរួមពាក់ព័ន្ធរបស់អាម៉េរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយបើកងទ័ពអាម៉េរិកចាកចេញបានកាន់តែលឿន អ្នករងគ្រោះជនជាតិអាម៉េរិកដែលទទួលរងការឈឺចាប់នឹងមានកាន់តែតិច (ទោះបីជាជាក់ស្តែង ទាហានដែលនៅសេសសល់គឺមានចំនួនមិនច្រើនក៏ដោយ) ។ មូលដ្ឋានអាកាសដ៏ធំនៅក្រុងកាន់ដាហារ (Kandahar) ដែលជាកន្លែងដាក់យន្តហោះ ឧទ្ធម្ភាគចក្រ និងយន្តហោះគ្មានមនុស្សបើកជាច្រើនត្រូវបានទុកចោល ។ មូលដ្ឋានអាកាសដ៏ធំដូចគ្នាមួយទៀតនៅបាហ្គ្រាម (Bagram) ជិតទីក្រុងកាប៊ុល (Kabul) គឺជាកន្លែងបន្ទាប់ដែលត្រូវប្រគល់ទៅឱ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានគ្រប់គ្រង ។ កងកម្លាំងអង្គការណាតូ (NATO) ផ្សេងទៀតក៏កំពុងចាកចេញពីទីនោះដូចគ្នា ។ កងទ័ពអាហ្វហ្គានីស្ថាននឹងត្រូវប្រឈមមុខទប់ទល់នឹងពួកតាលីបង់ដោយខ្លួនឯង ។

សម្រាប់លោកអាធីខ្វៀលឡា អាម៉ាកខែល (Atiqullah Amarkhel) យល់ឃើញថា វាគឺជាអារម្មណ៍ដែលសាំទៅហើយ ។ អតីតឧត្តមសេនីយ៍រូបនេះធ្លាប់ធ្វើជាមេបញ្ជាការកងទ័ពអាកាសរបស់អាហ្វហ្គានីស្ថាន នៅពេលដែលកងទ័ពសូវៀតបានចាកចេញកាលពីឆ្នាំ១៩៨៩ ។ ​​រដ្ឋាភិបាលរស់ពីសង្គ្រាមដែលដឹកនាំដោយបុរសខ្លាំងគឺលោកប្រធានាធិបតីម៉ូហាម៉ាដ ណាជីប៊ូលឡា (Muhammad Najibullah) ត្រូវបានគេរំពឹងថា នឹងត្រូវដួលរលំនៅក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ក្រោមការវាយប្រហារពីក្រុមឧទ្ទាម ម៉ួចាហ៊ីឌីន (Mujahideen) ក្រុមឧទ្ទាមឥស្លាម ដែលគាំទ្រដោយអាម៉េរិក  និងប៉ាគីស្ថាន (Pakistan) ។ តាមពិតទៅ លោកអាម៉ាកខែល និងសមមិត្តរបស់គាត់បានទប់ទល់ពន្យាពេលជាមួយក្រុមសកម្មប្រយុទ្ធអស់រយៈពេល ៣ ឆ្នាំមកហើយ ទោះបីជាក្រុមម៉ួចាហ៊ីឌីនបានបើកការវាយលុកយ៉ាងណាក៏មិនមិនអាចបំបែកបាន និងមិនទទួលបានជោគជ័យនៅតាមទីក្រុងនានា ដូចជាទីក្រុងចាឡាឡាបាដ (Jalalabad) ក្បែរព្រំដែនប៉ាគីស្ថានជាដើម ។ តែក្រោយមក  នៅពេលដែលប្រទេសរុស្ស៊ីឈប់ផ្តល់លុយឱ្យ វាក៏បានធ្វើឱ្យលោកណាជីប៊ូលឡា (Najibullah) ដួលរលំ ហើយប្រទេសនេះក៏បានធ្លាក់ចូលក្នុងស្ថានភាពអនាធិបតេយ្យតែម្ដង ។

នៅកន្លែងមួយដែលត្រូវបានគ្របដណ្តប់ដោយភាពភ័យរន្ធត់អស់រយៈពេលបួនទសវត្សរ៍កន្លងមកនេះ សំឡេងនៃប្រវត្ដិសាស្ដ្របានធ្វើឱ្យគេឯងដឹងឮពីបញ្ហានេះ ។ ប្រជាជនអាហ្វហ្គានីស្ថានកំពុងជជែកវែកញែក ថាតើភាពស្រដៀងគ្នានេះអាចជាអ្វីសម្រាប់រដ្ឋាភិបាលរបស់លោកប្រធានាធិបតី អាស្រាហ្វ ហ្គានី (Ashraf Ghani) ត្រូវដោះស្រាយទេឬទេ ខណៈពេលដែលខ្លួនប្រឈមមុខនឹងក្រុមតាលីបង់ដែលកំពុងរីកដុះដាល និងក្រអឺតក្រទមកាន់តែខ្លាំងឡើងៗ ។

លោកអាម៉ាកខែល (Amarkhel) ជឿជាក់ថា ការចាកចេញរបស់កងទ័ពរុស្ស៊ីពីគាត់ និងសមមិត្តរបស់គាត់យ៉ាងហោចណាស់ពួកគេបានបំពាក់ឧបករណ៍ដើម្បីទប់ទល់នឹងពួកសកម្មប្រយុទ្ធទាំងនោះដែលមានលក្ខណៈប្រសើរជាងការចាកចេញរបស់កងទ័ពអាម៉េរិកដែលនឹងត្រូវចាកចេញពីសមភាគីរបស់គាត់នាពេលបច្ចុប្បន្នទៅទៀត ។ គាត់និយាយថា “ខ្ញុំមិនដែលគិតថា យើងមិនអាចទទួលបានជោគជ័យនោះទេ“ ។ កងទ័ពដែលយើងបានកសាងនៅពេលនោះគឺខ្លាំងជាងកងទ័ពអាម៉េរិកដែលបានរត់ចោលយើងទៅទៀត ។ ជាពិសេស លោកមានប្រសាសន៍ថា កងទ័ពអាកាសដែលលោកបានបញ្ជាគឺមានទំហំធំជាង និងត្រូវបានផ្គត់ផ្គង់ប្រសើរជាងកងទ័ពអាកាសដែល អាម៉េរិកដកចេញទៅទៀត ។

ម្នាក់ក្នុងចំណោមសត្រូវរបស់គាត់កាលពីគ្រានោះក៏យល់ឃើញអ៊ីចឹងដែរ ។ ក្នុងនាមជាមេដឹកនាំបក្ខពួកនៃក្រុមម៉ួចាហ៊ីដីន ហៅថាហេប-អ៊ី-អ៊ីស្លាមី  (Hezb-e-Islami) លោកហ្គូលបួឌិន ហ៊ីកម៉ាយ៉ា (Gulbuddin Hikmatyar) បានទទួលចំណែកដ៏ធំនៃជំនួយរបស់ភ្នាក់ងារស៊ីអាយអេ (CIA) ហើយប្រទេសអារ៉ាប៊ីសាអូឌីត (Saudi Arabia) ក៏ត្រូវបានផ្គត់ផ្គង់តាមរយៈប្រទេសប៉ាគីស្ថានក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ផងដែរ ។ ពេលកំពុងអង្គុយនៅក្នុងការិយាល័យរបស់គាត់នៅជិតអគារសភា គាត់និយាយថា ៖ កងទ័ពសហភាពសូវៀតដែលបានបន្សល់ទុកដើម្បីប្រយុទ្ធនឹងគាត់ គឺពួកគេខ្លាំងជាងទាហានរបស់អង្គការណាតូទៅទៀត ។ ពួកគេបង្អួតរថក្រោះ គ្រឿងសព្វាវុធធនធ្ងន់ កាំភ្លើងធំ និងកងទ័ពជើងអាកាស ។ តែផ្ទុយទៅវិញ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ អាម៉េរិក និងសម្ពន្ធមិត្តរបស់ខ្លួននៅក្នុងអង្គការណាតូបានប្រមូលផ្តុំតែកម្លាំងសន្តិសុខផ្ទៃក្នុង ប្រដាប់អាវុធធនស្រាលៗ ដែលត្រូវបានរចនាឡើងដើម្បីបង្ក្រាបការបះបោរតិចតួចតែប៉ុណ្ណោះ ។

លោកចូណាស្សាន់ ស្រ្គូដិន (Jonathan Schroden) អ្នកជំនាញផ្នែកប្រឹក្សាយោធានៃប៉ុស្ដិ៍ទូរទស្សន៍ CNA និយាយថា ៖ បើប្រៀបធៀបភាពខ្លាំងនៃកម្លាំងអាហ្វហ្គានីស្ថាននាពេលពីមុន និងឥឡូវនេះគឺមានធាតុតែមួយគត់ក្នុងការទស្សន៍ទាយនូវអ្វីដែលនឹងកើតឡើងនៅពេលបន្ទាប់ ។ ទ័ពព្រៃនៅទសវត្សរ៍ឆ្នាំ១៩៨០ បានទទួលការគាំទ្រពីសង្គ្រាមត្រជាក់ដែលធ្វើឱ្យពួកគេបានពង្រីករហូតឈានដល់ការបង្កើតមីស៊ីលបាញ់យន្តហោះទៀតផង ។ ពួកតាលីបង់នៅតែអាចមានជម្រកជ្រកកោននៅក្នុងប្រទេសប៉ាគីស្ថាន ហើយយ៉ាងហោចណាស់ពួកគេមានសាមគ្គីភាពជាងក្រុមម៉ូចាហ៊ីឌីន (Mujahideen) ប៉ុន្តែ ពួកគេក៏នៅតែជាកម្លាំងប្រយុទ្ធខ្សោយជាងដដែល ។ លោកស្រ្គូដិន (Schroden) មានប្រសាសន៍ថា ៖ “កងជីវពលទាំងអស់ ខ្ញុំគិតថា លោកហ្គានី (Ghani) ស្ថិតក្នុងជំហរប្រសើរជាងលោកណាជីប៊ូលឡា (Najibullah)​”  ។

ល្បឿននៃការដកទ័ពរបស់អាម៉េរិកហាក់ដូចជាបានលើកទឹកចិត្តមេដឹកនាំតាលីបង់ដែលជឿជាក់ថា ពួកគេមានឱកាសក្នុងការយកឈ្នះខាងផ្នែកយោធារបស់ប្រទេសអាហ្វហ្គានីស្ថាន ។  ចេតនារបស់អាម៉េរិកក្នុងការធ្វើឱ្យភាគីទាំងពីរអង្គុយចុះហើយចរចារកដំណោះស្រាយត្រូវបានជាប់គាំង ។ តុល្យភាពយោធារវាងពួកសត្រូវនាពេលបច្ចុប្បន្ននេះមើលទៅដូចជាត្រូវបានកំណត់រួចទៅហើយក្នុងការប្រយុទ្ធគ្នានៅរដូវក្ដៅខាងមុខនេះ ដោយពួកតាលីបង់បានព្យាយាមដាក់សម្ពាធទៅលើរដ្ឋាភិបាលដោយការកាន់កាប់ទឹកដី និងទីប្រជុំជនមួយចំនួន ។ យោងតាមការវាយតម្លៃមួយរបស់អង្គការសហប្រជាជាតិដែលបានចេញផ្សាយនៅថ្ងៃទី០១ ខែមិថុនាបានឱ្យដឹងថា កន្លែងមួយចំនួននៅចន្លោះពាក់កណ្តាល និង ៧០% នៃទីជនបទគឺកំពុងត្រូវបានប្រយុទ្ធដណ្ដើមគ្នា ឬស្ថិតក្រោមការគ្រប់គ្រងរបស់ពួកតាលីបង់រួចទៅហើយ ។

ក្រុមប៉ូលីស និងទាហានដែលជួយរដ្ឋាភិបាលភាគច្រើនបានរលាយម្តងបន្តិចៗ អំឡុងពេលដែលមានការវាយប្រហារក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ។ សូម្បីតែកងកម្លាំងអង្គការណាតូដែលបំពាក់ដោយគ្រឿងសព្វាវុធល្អជាងនេះបានតស៊ូប្រឆាំងនឹងយុទ្ធសាស្រ្តទ័ពព្រៃតាលីបង់ដែលរួមមានទាំងការវាយឆ្មក់ និងការដាក់មីនច្នៃរបស់ពួកគេ ។ ប៉ុន្តែ ក្រុមប៉ូលិសអាហ្វហ្គានីស្ថានដែលឈរជើងនៅតាមមូលដា្ឋន ជារឿយៗ មិនត្រូវបានគេផ្តល់ប្រាក់ឱ្យនោះទេ ហើយក៏ខ្វះស្បៀងអាហារ និងគ្រាប់រំសេវផងដែរ ។ នេះបើតាមព្រឹទ្ធាចារ្យកុលសម្ព័ន្ធនៅក្នុងស្រុកក្រៅខាន់ដាហារ (Kandahar)។

នៅពេលដែលក្រុមតាលីបង់បានធ្វើការវាយប្រហារមកលើពួកគេម្តងៗ ពួកគេមិនមានកម្លាំងដើម្បីប្រយុទ្ធតទល់នោះទេ ។ ជួនកាល ពួកគេងាយនឹងចុះចាញ់ ហើយធ្វើការចរចាតាមរយៈអ្នកស្រុក ។ លោកហ្សើ ម៉ូហាម៉ាដ (Sher Mohammad) ជាកសិករនៅក្នុងស្រុកផេនវៃ(Panjwai) ត្រូវបានមេបញ្ជាការតាលីបង់ក្នុងតំបន់នោះហៅឱ្យធ្វើជាទាហានរបស់ពួកគេវិញ នៅអំឡុងពេលមានការវាយលុកមួយកាលពីចុងឆ្នាំមុន ។ គាត់ត្រូវបញ្ជាឱ្យដើរគោះទ្វាបន្ទាយទាហាន ហើយផ្តល់ឱសានវាទឱ្យកងទ័ពចាកចេញពីតំបន់នោះ ។

ប៉ុស្តិ៍ និងមូលដ្ឋានទ័ពតូចៗ រាប់សិបត្រូវបានផ្លាស់ប្តូរការគ្រប់គ្រង់បែបនេះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ។ ដោយសារតែការបរាជ័យរបស់ប៉ូលិស និងទាហានជាប្រចាំបែបនេះហើយ ទើបរដ្ឋាភិបាលក៏ត្រូវពឹងផ្អែកកាន់តែខ្លាំងលើកងកម្លាំងពិសេសដែលមានការបណ្តុះបណ្តាលយ៉ាងល្អរបស់ខ្លួន ។ កងកុម្ម៉ង់ដូទាំងនេះ ច្រើនតែធ្វើការយ៉ាងជិតស្និទ្ធជាមួយកងទ័ពរបស់អង្គការណាតូ ហើយទោះបីជាមានការចូលរួមមិនសូវច្រើនក៏ដោយ ក៏ពួកគេបានបង្ហាញម្តងហើយម្តងទៀតថាអាចវាយបំបែកពួកបះបោរបាន ។ ពួកគេត្រូវបានរង្គិលពីចំណុចវាយប្រហារយ៉ាងក្តៅគកុកដល់ចំណុចក្តៅមួយទៀត ដោយវាយរុញច្រានការវាយលុករបស់ទ័ពព្រៃ ហើយយកបានស្រុកមួយចំនួនមកវិញ ។ ចំនួនអ្នកស្លាប់មានទាំងសងខាង ហើយក្នុងចំណោមនោះក៏មានជនស៊ីវិលស្លាប់យ៉ាងច្រើនផងដែរ ។

ពួកតាលីបង់ក៏កំពុងតែធ្វើការវាយលុកទៅកាន់ទីក្រុងធំៗផងដែរ ប៉ុន្តែរហូតមកដល់ពេលនេះពួកគេនៅមិនទាន់អាចគ្រប់គ្រងបាន ឬកាន់កាប់ទឹកដីប្រឆាំងនឹងការវាយប្រហារតបតរួមគ្នាដោយកងកម្លាំងពិសេសនោះបានទេ ។ ក្រុមអ្នកវិភាគភាគច្រើនរំពឹងថា ការវាយប្រហារទាំងនោះនឹងនៅតែបន្តទៅមុខទៀត ព្រោះតាលីបង់មិនមានចំនួនសកម្មប្រយុទ្ធច្រើន ឬឧបករណ៍យោធាទំនើបៗ ដែលអាចយកឈ្នះរដ្ឋាភិបាលបាននោះទេ ។

ឧត្តមសេនីយ៍អាម៉េរិកនិយាយថា ពួកគេមិនចង់ធ្វើខុសដូចប្រទេសរុស្ស៊ីដោយកាត់ផ្តាច់ថវិកាមុនពេលកំណត់នោះទេ ។ ទោះជាយ៉ាងនេះក្តី អ្វីដែលអាម៉េរិកនឹងផ្តល់ជាការគាំទ្រនៅពេលដែលពួកគេចាកចេញនោះគឺមិនទាន់ច្បាស់លាស់នៅឡើយទេ ។  មន្ទីរការពារជាតិផិនតាហ្គោន (Pentagon) របស់អាម៉េរិកបាននិយាយកាលពីថ្ងៃទី២ ខែមិថុនាថា ៖ ការគាំទ្ររបស់ខ្លួននឹងត្រូវផ្តល់ជាថវិកាដ៏ច្រើនសម្រាប់បើកប្រាក់ខែដល់កងកម្លាំងសន្តិសុខ និងសម្រាប់ការថែទាំជួសជុលយន្តហោះចម្បាំងមួយចំនួនទៀត ។

បន្ទាប់ពីសហភាពសូវៀតបានចាកចេញទៅ លោកណាជីប៊ូលឡា (Najibullah) បានកាន់តំណែងដ៏យូរអង្វែងដែលមិននឹកស្មានដល់ ដោយមិនចាំបាច់ពឹងផ្អែកលើកងទ័ព និងប្រាក់ជំនួយរបស់រុស្ស៊ីទាល់តែសោះ ។ លោកលោកស្រ្គូដិន (Schroden) បានមានប្រសាសន៍ថា ៖ គាត់ក៏បានបង្ហាញថា គាត់ជាអ្នកនយោបាយដែលមានភាពបត់បែន និងវៃឆ្លាតគួរឱ្យភ្ញាក់ផ្អើលដែលត្រូវបានផ្តល់សេរីភាពជាច្រើនដោយប្រទេសរុស្ស៊ីដើម្បីធ្វើអ្វីដែលចាំបាច់ដើម្បីរស់ ។

នៅទីនេះលោកហ្គានី (Ghani) អាចស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ខ្លាំង ។ គាត់ត្រូវតែបង្រួបបង្រួមក្រុមដែលឆ្លៀតឱកាស និងឈ្លោះទាស់តេងគ្នានៃរដ្ឋអាហ្វហ្គានីស្ថានឱ្យបានរឹងមាំ អំឡុងពេលដែលស្ថិតនៅក្រោមសម្ពាធពីអាម៉េរិក ដើម្បីបង្កើតកិច្ចព្រមព្រៀងជាមួយពួកតាលីបង់បាន ។ ភារកិច្ចចម្បងរបស់គាត់នៅប៉ុន្មានខែខាងមុខនេះគឺត្រូវរក្សាអាហ្វហ្គានីស្ថានទាំងមូលឱ្យមានសុវត្ថិភាព និងការពារកុំឱ្យមានការប្រេះស្រាំទៅជាការប្រកួតប្រជែងដណ្តើមគ្នាគ្រប់គ្រងប្រទេស ។

បើមើលតាមរយៈភាពខ្លាំងក្លារបស់កងកម្លាំងតាលីបង់ និងការព្យាករពីទីក្រុងវ៉ាស៊ីនតោន ទំនុកចិត្តរបស់យោធាអាចជាគន្លឹះសំខាន់ ។ អ្នកការទូតអាហ្វហ្គានីស្ថានម្នាក់បានធ្វើការកត់សម្គាល់ថា ៖ “ពេលនេះ ស្មារតីរបស់យើងគឺសំខាន់ណាស់ ។ ប្រសិនបើយើងអាចឆ្លងកាត់សម្ពាធនៅរដូវក្តៅឆ្នាំនេះបាន យើងប្រាកដជាមានសុវត្ថិភាពមិនខាន” ។ លោកអាម៉ាកខែល ( Amarkhel) ក៏យល់ស្របបែបនេះដែរថា ៖ “ប្រសិនបើកងកម្លាំងរបស់យើងអាចទប់ទល់បានរយៈពេលពីរខែ ពួកយើងអាចឈរជើងដោយខ្លួនឯងបានហើយ” ៕

© រក្សាសិទ្ធិអត្ថបទ និងចុះផ្សាយដោយ ៖  ខ្មែរ អេឡិកត្រូនិក ប៊ុក – Ebook Cambodia

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!