ដោយសារតែជំនួយផ្នែកហិរញ្ញវត្ថុរបស់លោកខាងលិចមានការយឺតយ៉ាវ អ៊ុយក្រែនត្រូវបង្ខំចិត្តបោះពុម្ពលុយដោយខ្លួនឯង ដើម្បីបើកប្រាក់ខែឲ្យទាហានរបស់ខ្លួនដែលកំពុងប្រយុទ្ធជាមួយរុស្ស៊ី!!
Breaking News

ដោយសារតែជំនួយផ្នែកហិរញ្ញវត្ថុរបស់លោកខាងលិចមានការយឺតយ៉ាវ អ៊ុយក្រែនត្រូវបង្ខំចិត្តបោះពុម្ពលុយដោយខ្លួនឯង ដើម្បីបើកប្រាក់ខែឲ្យទាហានរបស់ខ្លួនដែលកំពុងប្រយុទ្ធជាមួយរុស្ស៊ី!!

កាសែត Wall Street Journal បានរាយការណ៍ថា ដោយសារតែជំនួយផ្នែកហិរញ្ញវត្ថុរបស់លោកខាងលិចមានការយឺតយ៉ាវ អ៊ុយក្រែនត្រូវបង្ខំចិត្តបោះពុម្ពលុយ ដើម្បីបើកប្រាក់ខែឲ្យទាហានរបស់ខ្លួនដែលកំពុងប្រយុទ្ធជាមួយរុស្ស៊ី ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ុយក្រែនលោក Sergey Marchenko បានប្រាប់សារព័ត៌មានអាម៉េរិកកាលពីថ្ងៃសុក្រថា វាជា “ការឈឺក្បាលខ្លាំងមែនទែន” សម្រាប់គាត់ក្នុងការរក្សាតុល្យភាពនៃការចំណាយនៃជម្លោះ និងប្រាក់ចំណូលពន្ធទាបនៅក្នុងសេដ្ឋកិច្ចដែលទទួលរងការប៉ះទង្គិចគ្នាជិតពាក់កណ្តាលឆ្នាំមកនេះ ។

អាជ្ញាធរទីក្រុងគៀវបាននិយាយថា ពួកគេត្រូវការប្រាក់ចំនួន ៥ពាន់លានដុល្លារក្នុងមួយខែ ដើម្បីគ្រប់គ្រងការចំណាយក្នុងប្រទេស ហើយនឹងមិនអាចដោះស្រាយបានទេបើគ្មានជំនួយពីលោកខាងលិច ។ ទោះជាយ៉ាងណាក៏ដោយ ជំនួយ និងប្រាក់កម្ចីដែលបានសន្យាដល់អ៊ុយក្រែនដោយអ្នកគាំទ្របរទេសរបស់ខ្លួនបានមកដល់យឺតជាងការរំពឹងទុក ​។

ជាឧទាហរណ៍ រហូតមកដល់ពេលនេះ សហភាពអឺរ៉ុបបានផ្តល់ប្រាក់ត្រឹមតែ 1 ពាន់លានអឺរ៉ូប៉ុណ្ណោះក្នុងចំណោម 9 ពាន់លានអឺរ៉ូដែលខ្លួនបានសន្យាចំពោះទីក្រុងគៀវ ដោយប្រទេសអាល្លឺម៉ង់បានប្រឆាំងនឹងគំនិតនៃការផ្តល់ប្រាក់កម្ចីដែលមានការប្រាក់ទាបដែលគាំទ្រដោយការធានាពីប្រទេសជាសមាជិកនៃប្លុកនេះ ។

លោក Rostislav Shurma ទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានពណ៌នាអំពីស្ថានភាពកាន់តែធ្ងន់ធ្ងរ ប្រាប់ Wall Street Journal ថា ប្រសិនបើលោកខាងលិចធ្វើសកម្មភាពយឺតៗនោះ ទាហានរុស្ស៊ីនឹងឈរជើងនៅព្រំដែនប៉ូឡូញហើយនាពេលនេះ»។

ដោយសារកង្វះថវិកា ធនាគារកណ្តាលអ៊ុយក្រែនគ្មានជម្រើសអ្វីក្រៅពីបោះពុម្ពលុយបន្ថែមទៀតទេ ដើម្បីអនុញ្ញាតឱ្យរដ្ឋាភិបាលបើកប្រាក់ខែដល់កងទ័ព ទិញអាវុធ និងគ្រាប់រំសេវ ដើម្បីបន្តការប្រយុទ្ធ ។

វិធីសាស្រ្តនេះបាននឹងកំពុងធ្វើឱ្យរូបិយប័ណ្ណជាតិរបស់អ៊ុយក្រែនធ្លាក់ចុះ​តម្លៃ ខណៈវាបានធ្លាក់ចុះ 30% ទៅហើយ ចាប់តាំងពីរុស្ស៊ីបើកការលុកលុយអ៊ុយក្រែន ដែលជំរុញឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃអតិផរណានៅក្នុងប្រទេសអ៊ុយក្រែន​ ។

Leave a Reply

Your email address will not be published. Required fields are marked *