Breaking News

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ‘ថៃ-វៀតណាម’ ជោគជ័យក្នុងការចាប់ដៃគ្នាដំឡើងថ្លៃអង្ករសម្រាប់កសិករលើទីផ្សារពិភពលោក

លោក Alongkorn Ponlaboot ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងកសិកម្ម បង្ហើបអំពីការចរចាដោយជោគជ័យជាមួយវៀតណាម យល់​ព្រម​ចាប់​ដៃ​គ្នាជាមួយ​ថៃ ​ដើម្បី​ដំឡើង​តម្លៃស្រូវ​ក្នុង​ទីផ្សារ​ពិភពលោក ដោយបានត្រៀមរៀបចំ​សំណើ​ទៅ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម “​Chalermchai-Le Min Hwan” ដើម្បី​បង្កើត​យន្តការ​ជំរុញ និង​ពង្រីក​ពាណិជ្ជកម្ម​កសិកម្ម​ដល់​ប្រជាជាតិ​ទាំងពីរ ។

លោក អាឡុងកន ផុលប៊ុត ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ បានបង្ហើបឱ្យដឹងថា បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម យោងទៅតាម លោក Chalermchai Sri-on រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ បានមានប្រសាសថា ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាមលើកនេះ ចាត់ទុកថាជាការទទួលបាននូវជោគជ័យក្នុងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។ ជាពិសេសលទ្ធផលនៃកិច្ចប្រជុំដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យស្រូវអង្ករជាមួយឯកឧត្តម Tran Thanh Nam អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងមន្ត្រីប្រតិបត្តិជាន់ខ្ពស់ ក្នុងទីក្រុង Can Tho ក្រសួងកសិកម្មវៀតណាមបានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសថៃដើម្បីលើកកម្ពស់តម្លៃស្រូវអង្ករនៅលើទីផ្សារពិភពលោក ។

“ការចរចាលើកនេះគឺជា ជុំការចរចាទីពីរបន្ទាប់ពីកិច្ចប្រជុំដែលភាគីថៃបានស្នើឡើងនូវគំនិតផ្តួចផ្តើមសម្រាប់កិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីដំឡើងតម្លៃស្រូវអង្ករ ដែលធ្វើឡើងនៅក្នុងទីក្រុងបាងកក កាលពីខែឧសភាកន្លងទៅ រាយការណ៍ដាក់ជូនរដ្ឋមន្ត្រីក្រសួងកសិកម្មទាំងពីរភាគី

គឺលោកបណ្ឌិត Chalermchai Sri-on រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ ជាមួយនិងលោក Le Minh Hoan រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍បានដឹង និងយល់ស្របទៅនឹងគោលការណ៍រហូតឈានដល់ការចរចាចុងក្រោយ

នេះ​ជា​ជោគជ័យ និង​ជា​លើក​ដំបូង​បង្អស់ដែល​ប្រទេស​ថៃ និង​វៀតណាម ដែលជាប្រទេសផលិត និងនាំចេញស្រូវអង្ករធំទីពីរ និងទីបីរបស់ពិភពលោក បានយល់ព្រមធ្វើការរួមគ្នា ដើម្បីដំឡើងថ្លៃអង្ករនៅលើទីផ្សារពិភពលោក ។ នេះ​ជា​កិច្ចការ​ដ៏​លំបាក​មួយ និង​នៅ​មាន​បេសកកម្ម​ប្រឈម​នាពេល​ខាង​មុខ​ តើ​គោលដៅ​នឹង​សម្រេច​បានដែរ​ឬ​យ៉ាងណា? នៅ​មិន​ទាន់អាច​ឆ្លើយ​បាន​ទេ ។ ប៉ុន្តែនៅថ្ងៃនេះ យើងបានបោះជំហានដំបូងរបស់យើងរួមគ្នា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យកសិកម្ម” នេះបើយោងតាមប្រសាស លោក អាឡុងកន ។

“យើងយល់ស្របគ្នាថា តម្លៃអង្ករនៅលើទីផ្សារពិភពលោកមានភាពអយុត្តិធម៌សម្រាប់ប្រទេសអ្នកផលិត និងកសិកររបស់ប្រទេសទាំងពីរនេះ អស់រយៈពេលជាយូរមកហើយ ដែលនាំមកនូវបំណុល និងភាពក្រីក្រ ដូច្នេះ​ល្មមដល់​ពេល​ត្រូវ​តស៊ូ​ដើម្បី​កសិករយើងហើយ ។ ឧទាហរណ៍ជាក់ស្តែងបំផុតគឺ តម្លៃស្រូវបច្ចុប្បន្ននេះ​​មិន​ស៊ីសង្វាក់​គ្នាទៅ​នឹង​ការ​ឡើង​ថ្លៃក្នុងការចំណាយលើការ​ផលិត​ស្រូវអង្ករ ទាំង​តម្លៃ​ជី និង​ប្រេង ដោយសារ​ឥទ្ធិពល​នៃ​វិបត្តិ​កូវីដ-19 និងវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ។

បើបណ្ដោយឱ្យ​ស្ថានភាព​តម្លៃ​ស្រូវនៅតែ​បែប​នេះ នោះកសិករ​មិន​អាច​រស់​បានឡើយ ព្រោះ​ដោយ​សារ​ការ​ខាត​បង់​របស់​ពួក​គេ ហើយពួកគេ​ងាក​ទៅ​ធ្វើកសិកម្ម​ផ្សេង​​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​ជាង ដែលជាហេតុបណ្តាលឱ្យមានការថយចុះនៃផលិតកម្មស្រូវក្នុងរយៈពេលវែង បង្កឱ្យមានផលប៉ះពាល់ដល់ការផ្គត់ផ្គង់អង្កររបស់ពិភពលោក ផ្ទុយទៅនឹងតម្រូវការកើនឡើងនូវចំនួនប្រជាជនពិភពលោកដែលកំពុងមានការកើនឡើង ជាមួយនឹង​បញ្ហា​សន្តិសុខ​ស្បៀង​អាហារនឹង​កាន់​តែ​ធ្ងន់ធ្ងរឡើងផងដែរ” ។

លោក អាឡុងកន ក៏បានបង្ហើបឱ្យដឹងផងដែរថា ភាគីទាំងពីរនឹងបង្ហាញសេចក្តីសង្ខេបនៃកិច្ចប្រជុំជូនរដ្ឋមន្ត្រីក្រសួងកសិកម្មនៃប្រទេសទាំងពីរ ដើម្បីបង្កើតយន្តការជំរុញរួមមួយក្នុងទម្រង់ជាក្រុមការងារពិសេស និងជូនដំណឹងដល់សមាគមកសិករ សមាគមពាណិជ្ជករអង្ករ វិទ្យាស្ថានស្បៀងអាហារ និងសមាគមអ្នកនាំចេញអង្ករថៃ និងវៀតណាមបានដឹងពីវិធីសាស្រ្តសហប្រតិបត្តិការមួយនេះ​ ។

ជាមួយនឹងការចរចាកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសផលិត និងនាំចេញអង្ករសំខាន់ៗផ្សេងទៀតផងដែរ ។ ទន្ទឹមនឹងនោះ ប្រទេសថៃ និងវៀតណាមនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្រូវអង្ករក្នុងកម្រិតអង្គការកសិករ និងភ្នាក់ងារកសិកម្មបន្ថែមទៀត ។ លោក Phan Chi Thanh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសថៃ បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ ហើយភាគីទាំងពីរក៏បានឯកភាពគ្នាផងដែរក្នុងការបង្កើនពាណិជ្ជកម្មផលិតផលកសិកម្មឱ្យកាន់តែមានតុល្យភាព ។

ស្ថិតិពាណិជ្ជកម្មក្នុងឆ្នាំ2021 តម្លៃពាណិជ្ជកម្មកសិកម្មរវាងប្រទេសថៃ និងវៀតណាមមានចំនួន 2038លានដុល្លារអាម៉េរិក (74,214 លានបាត) ដែលក្នុងនោះប្រទេសថៃ បាននាំចូលចំនួន 700លានដុល្លារអាម៉េរិក (25,465 លានបាត) និងនាំចេញទៅកាន់ប្រទេសវៀតណាមចំនួន 1340លានដុល្លារអាម៉េរិក​  (48,750 លានបាត) ។ ភាគី​ថៃ​មាន​ប្រៀបលើសមតុល្យ​ពាណិជ្ជកម្ម​ចំនួន 640លានដុល្លារអាម៉េរិក (23285លានបាត)ជាពិសេសជាងនេះទៅទៀតនោះ​ពាណិជ្ជកម្ម​អង្ករ​រវាង​ប្រទេស​ទាំងពីរ ​អាចពង្រីកខ្លួនបានផងដែរ ដោយសារវៀតណាម ក្រៅ​ពី​ជា​ប្រទេស​នាំ​ចេញ​អង្ករ វៀតណាមក៏បាននាំចូលអង្ករចំនួន 1.2លានតោនក្នុងមួយឆ្នាំ ហើយប្រទេសថៃ គឺជាប្រទេសនាំចេញអង្ករធំបំផុតទី4 ទៅកាន់ប្រទេសវៀតណាម ដែលអាចបង្កើនការនាំចេញអង្ករដើម្បីជួយដល់ប្រទេសវៀតណាម ដែលជាទីផ្សារដែលនៅជិតបំផុត ហើយប្រជាជនវៀតណាមចូលចិត្តអង្ករថៃបំផុត ជាពិសេសគឺអង្ករផ្កាម្លិះ ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version