News & Blogs

News អត្ថបទព័ត៌មាន

ជម្លោះនៅអឺរ៉ុបបានផ្ទុះឡើង ៖ លោកចូ បៃដិនស្នើទៅអ៊ុយក្រែនកុំឱ្យមានប្រតិកម្មទៅលើកិច្ចព្រមព្រៀងបំពង់បង្ហូរឧស្ម័ន Nord Stream របស់លោកជាមួយលោកស្រីអេងជេឡា មើកែល

ជម្លោះនៅអឺរុប-01

ជម្លោះនៅអឺរ៉ុបបានផ្ទុះឡើង ៖ លោកចូ បៃដិនស្នើទៅអ៊ុយក្រែនកុំឱ្យមានប្រតិកម្មទៅលើកិច្ចព្រមព្រៀងបំពង់បង្ហូរឧស្ម័ន Nord Stream របស់លោកជាមួយលោកស្រីអេងជេឡា មើកែល

លោកចូ បៃដិនកំពុងស្នើឱ្យអ៊ុយក្រែនរក្សាភាពស្ងៀមស្ងាត់ជុំវិញរឿងបំពង់បង្ហូរឧស្ម័នរុស្ស៊ី-អាល្លឺម៉ង់ ខណៈដែលអាម៉េរិកកំពុងចរចាលម្អិតលើកចុងក្រោយជាមួយលោកស្រីអេងជេឡា មើកែល ។

យោងតាមសារព័ត៌មាន Politico បានឱ្យដឹងថា មន្រ្តីអាម៉េរិកកំពុងតែទទូចដល់សមភាគីអ៊ុយក្រែនរបស់ខ្លួនឱ្យចៀសវាងពីការរិះគន់កិច្ចព្រមព្រៀងរបស់លោកចូ បៃដិន ជាមួយលោកស្រីអេងជេឡា មើកែល ស្តីពីគម្រោងបំពង់បង្ហូរឧស្ម័នរុស្ស៊ី-អាល្លឺម៉ង់ Nord Stream 2 ។ នៅក្នុងការគំរាមកំហែងដែលគ្រប់ដណ្តប់ដល់ប្រទេសអ៊ុយក្រែននេះ ប្រភពពីអាម៉េរិកបានអះអាងថា ក្រុមមន្រ្តីកំពុងព្រមានពីទំនាក់ទំនងរវាងទីក្រុងគៀវ (Kyiv) និង ក្រុងវ៉ាស៊ីនតោន អាចនឹងស្ថិតក្នុងគ្រោះថ្នាក់ ប្រសិនបើបណ្តាប្រទេសសហភាពអឺរ៉ុបបះបោរប្រឆាំងនឹងគម្រោងនេះ ។

បំពង់បង្ហូរឧស្ម័ននេះនឹងដឹកជញ្ជូនឧស្ម័នធម្មជាតិដែលមានតម្លៃថោកពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសអាល្លឺម៉ង់ធ្វើឱ្យមានហានិភ័យដល់អ៊ុយក្រែនដែលជាប្រទេសដៃគូសំខាន់របស់អាម៉េរិកទទួលនូវការខាតបង់បំផុតនៅពេលដែលគម្រោងនេះដាក់ឱ្យដំណើរការ ។

ជំហររដ្ឋបាលរបស់លោកចូ បៃដិន គឺផ្ទុយពីសភាភាគច្រើន និងជាមួយរដ្ឋាភិបាលអ៊ុយក្រែន និងសម្ពន្ធមិត្តអឺរ៉ុបខាងកើតរបស់ខ្លួនជាច្រើនដែលបានប្រកាន់យកជាយូរមកហើយថា ការអន្តរាគមន៍របស់អាម៉េរិកនៅតែអាចរារាំងការបញ្ចប់ការសាងសង់បំពង់បង្ហូរឧស្ម័នដែលជិតរួចរាល់នេះបាន ។

ព័ត៌មានដែលបានមកពីមនុស្សដែលនៅជិតស្និទ្ធនឹងប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូលេដេមើ ហ្សេលេនស្គី (Volodymyr Zelensky) បានប្រាប់ជំហររបស់ទីក្រុងកគៀវទៅសារព័ត៌មាន Politico ថា ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកនៅតែអាចបញ្ឈប់ការសាងសង់បញ្ចប់គម្រោងនេះបាន ប្រសិនបើរដ្ឋបាលលោកបៃដិនមានឆន្ទៈប្រើប្រាស់ទណ្ឌកម្មនេះនៅដំណាក់កាលសាងសង់ និងសម្ពោធបញ្ចប់ ។

ប្រភពដដែលបានបន្ថែមថា ទីក្រុងគៀវនៅតែប្រឆាំងដាច់ខាតចំពោះគម្រោងនេះ ។ ក្នុងគោលបំណងដើម្បីបំបាត់ការព្រួយបារម្ភរបស់អ៊ុយក្រែន សហរដ្ឋអាម៉េរិក និងអាល្លឺម៉ង់បាននិយាយថា ពួកគេនឹងចាត់វិធានការប្រឆាំងនឹងប្រទេសរុស្ស៊ី ប្រសិនបើរុស្ស៊ីប្រើប្រាស់បំពង់បង្ហូរឧស្ម័ន Nord Stream 2 ធ្វើឱ្យប៉ះពាល់ដល់អ៊ុយក្រែន ឬបណ្តាប្រទេសអឺរ៉ុបខាងកើតដ៏ទៃទៀត ។

កិច្ចព្រមព្រៀងដែលត្រូវបានធ្វើឡើងក្នុងប៉ុន្មានខែថ្មីៗនេះ ដោយមន្រ្តីជាន់ខ្ពស់អាម៉េរិក និងអាល្លឺម៉ង់ ហើយត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មានរ៉យទ័រ (Reuters) នៅថ្ងៃអង្គារនេះនឹងដោះស្រាយជម្លោះដែលមានជាយូរមកហើយលើបំពង់បង្ហូរឧស្ម័នដែលមានតម្លៃ ១១ ពាន់លានដុល្លារ ដែលឥឡូវនេះបានបញ្ចប់ ៩៨ ភាគរយរួចទៅហើយ ដែលកំពុងត្រូវបានសាងសង់នៅបាតសមុទ្របាល់ទិក (Baltic Sea) ដើម្បីបង្ហូរឧស្ម័នពីតំបន់អាក់ទិក (Arctic) របស់រុស្ស៊ីទៅកាន់ប្រទេសអាល្លឺម៉ង់ ។

មន្រ្តីអាម៉េរិកទទូចថា ពួកគេនៅតែបន្តប្រឆាំងនឹងគម្រោងបំពង់បង្ហូរឧស្ម័ននេះ ប៉ុន្តែក៏បាននិយាយថា កិច្ចព្រមព្រៀងរវាងសហរដ្ឋអាម៉េរិក និងអាល្លឺម៉ង់នឹងកាត់បន្ថយលទ្ធភាពនៃប្រទេសរុស្ស៊ីដែលប្រើប្រាស់ថាមពលឧស្ម័នជាអាវុធប្រឆាំងនឹងប្រទេសអ៊ុយក្រែន និងប្រទេសដទៃទៀតនៅក្នុងតំបន់ ។

សហរដ្ឋអាម៉េរិកព្រួយបារម្ភថា ប្រទេសរុស្ស៊ីអាចកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលដល់ប្រទេសអ៊ុយក្រែន ឬប្រទេសដទៃទៀតដែលជាទម្រង់នៃការឈ្លានពាន ហើយក៏មានការព្រួយបារម្ភផងដែរថា ប្រទេសអ៊ុយក្រែននឹងបាត់បង់ថ្លៃសេវាដឹកជញ្ជូនសម្រាប់ឧស្ម័នដែលបានដំណើរការតាមរយៈបំពង់បង្ហូរឧស្ម័នដែលមានមូលដ្ឋានលើដីរបស់អ៊ុយក្រែន ។

រហូតមកដល់ឥឡូវនេះ កិច្ចព្រមព្រៀងនេះនឹងផ្អាកការបន្តការដាក់ទណ្ឌកម្មដោយមានការផ្តល់សិទ្ធិពីសភាប្រឆាំងនឹងក្រុមហ៊ុន Nord Stream 2 AG និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ ។

លោកប្រធានាធិបតីបៃដិន បានលើកលែងការដាក់ទណ្ឌកម្មទាំងនោះនៅក្នុងខែឧសភាដើម្បីទុកពេលឱ្យភាគីទាំងពីរចរចារកផ្លូវទៅមុខបន្តទៀត ។

ប្រភពមួយបាននិយាយថា ប៉ុន្តែរដ្ឋបាលលោកបៃដិនបានរក្សាសិទ្ធិក្នុងការប្រើទណ្ឌកម្មតាមករណីនីមួយៗស្របតាមច្បាប់របស់សហរដ្ឋអាម៉េរិកដដែល ។

ប្រភពមួយទៀតបាននិយាយថា ប្រទេសអាល្លឺម៉ង់ក៏បានយល់ព្រមផ្តល់មូលនិធិថ្មីចំនួន ១ ពាន់លានដុល្លារដើម្បីជួយអ៊ុយក្រែនផ្លាស់ប្តូរទៅរកប្រភពថាមពលស្អាត និងបង្កើនសន្តិសុខថាមពលរបស់ខ្លួន ។

ប្រភពព័ត៌មានមួយបាននិយាយថា ព័ត៌មានលម្អិតអំពីថវិកានោះគឺមិនទាន់មានភ្លាមៗនៅឡើយទេ ប៉ុន្តែថវិកានេះ ទំនងជាបានមកពីប្រភពឯកជនដោយមានការធានាពីរដ្ឋាភិបាល ។

សារព័ត៌មាន Bloomberg បានរាយការណ៍មុននេះថា ប្រទេសអាល្លឺម៉ង់នឹងផ្តល់ការវិនិយោគដំបូងចំនួន ១៧៥ លានដុល្លារ ។

លោកបៃដិន និងលោកស្រីមើកែល បានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងស្តីពីបំពង់បង្ហូរស្ម័ននេះ នៅពេលពួកគេបានជួបគ្នាកាលពីសប្តាហ៍មុន ប៉ុន្តែ ក៏បាននិយាយថា ពួកគេព្រមព្រៀងថា ទីក្រុងមូស្គូនឹងមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ថាមពលឧស្ម័ននេះធ្វើជាអាវុធប្រឆាំងនឹងប្រទេសជិតខាងឡើយ ។

នៅពេលនោះ អធិការបតីមើកែលបាននិយាយថា ប្រទេសអាល្លឺម៉ង់មានមធ្យោបាយមួយចំនួនដែលត្រូវបានគេរាប់បញ្ចូលទាំងលទ្ធភាពនៃការដាក់ទណ្ឌកម្មតាមរយៈសហភាពអឺរ៉ុបដើម្បីឆ្លើយតបជាមួយរុស្ស៊ី ប្រសិនបើចាំបាច់ ។

មន្រ្តីមកពីប្រទេសទាំងពីរបានបន្តធ្វើសេចក្តីលម្អិតនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ហើយមន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសអាម៉េរិកលោកដើរិក ឆាលលិត (Derek Chollet) បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃអង្គារដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងនេះ ។

អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកលោក ណិដ ប្រៃ (Ned Price) បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា ទីក្រុងវ៉ាស៊ីនតោននៅតែចាត់ទុកគម្រោងបំពង់បង្ហូរឧស្ម័ននេះថាជាកិច្ចព្រមព្រៀងមិនល្អសម្រាប់ប្រទេសអាល្លឺម៉ង់ និងអឺរ៉ុប ប៉ុន្តែអាម៉េរិកបានសម្រេចចិត្តថា ការដាក់ទណ្ឌកម្មមិនទំនងជានឹងអាចបញ្ឈប់គម្រោងនេះបាននោះទេ ហើយជំនួសមកវិញដោយផ្តោតលើការដោះស្រាយទៅលើការប្រើប្រាស់សក្តានុពលថាមពលជាអាវុធរបស់រុស្ស៊ីវិញ ។

លោកបាននិយាយថា “យើងនៅតែបន្តប្រឆាំងនឹងគម្រោងបង្ហូរឧស្ម័ន Nord Stream 2 នេះ ។ យើងចាត់ទុកវាជាគម្រោងភូមិសាស្ត្រនយោបាយរបស់វិមានក្រែមឡាំងដែលមានគោលបំណងដើម្បីពង្រីកឥទ្ធិពលរបស់រុស្ស៊ីលើធនធានថាមពលរបស់អឺរ៉ុប និងដើម្បីបញ្ចៀសអ៊ុយក្រែនពីកិច្ចសហការជាមួយខ្លួន” ។

លោកប្រៃ បានបដិសេធមិនឆ្លើយតបនឹងកិច្ចព្រមព្រៀងដែលមាននៅក្នុងរបាយការណ៍នោះទេ ប៉ុន្តែបាននិយាយថា ប្រទេសអាល្លឺម៉ង់បានដាក់ចេញនូវសំណើដែលមានប្រយោជន៍ ហើយពួកគេបានធ្វើឱ្យមានវឌ្ឍនភាពលើគោលដៅរួមគ្នាដើម្បីធានាថា “ប្រទេសរុស្ស៊ីនឹងមិនអាចប្រើសក្កដានុពលនៃគម្រោងនេះ ដើម្បីធ្វើជាអាវុធវាយប្រហារប្រទេសជិតខាងឡើយ” ។

លោកប្រធានាធិបតីបៃដិន ប្រឈមនឹងសម្ពាធពីសភាដើម្បីឱ្យរារាំងគម្រោងនៃបំពង់បង្ហូរស្ម័ននេះ ។

លោក ជែមស៍ រីសឆ៍ (James Risch) សមាជិកសភាជាន់ខ្ពស់នៃគណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដោយមិនគិតពីលទ្ធផលគោលនយោបាយការបរទេសដែលរដ្ឋាបាលគិតថា ខ្លួនបានសម្រេចហើយនោះ តាមពិតគឺនៅមានទណ្ឌកម្មចាំបាច់មួយចំនួនទៀតដែលរដ្ឋបាលលោកបៃដិននៅមិនទាន់បានដាក់ចេញ” ។

© រក្សាសិទ្ធិអត្ថបទ និងចុះផ្សាយដោយ ៖  ខ្មែរ អេឡិកត្រូនិក ប៊ុក – Ebook Cambodia

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!