News & Blogs

News អត្ថបទព័ត៌មាន

ចិនព្រមានជប៉ុនពីការបង្កភាពតានតឹងខាងផ្នែកយោធានៅលើកោះតៃវ៉ាន់

ចិនព្រមានជប៉ុនពីការបង្ក

ចិនព្រមានជប៉ុនពីការបង្កភាពតានតឹងខាងផ្នែកយោធានៅលើកោះតៃវ៉ាន់

– ក្រសួងការបរទេសចិនផ្ទុះកំហឹងជាខ្លាំងបន្ទាប់ពីប្រមុខការពារជាតិជប៉ុននិយាយថា ប្រជុំកោះណានសៀ (Nansei Islands) គឺជាប្រភពនៃការព្រួយបារម្ភ

ទីក្រុងប៉េកាំងនិយាយថា ចិននឹងការពារដែនអធិបតេយ្យភាពរបស់ខ្លួន ហើយទីក្រុងតូក្យូ (Tokyo) មិនគួរនិយាយពន្លើសពេកនោះទេ

រដ្ឋាភិបាលក្រុងប៉េកាំងបានចោទប្រកាន់ទីក្រុងតូក្យូថា បានបង្កភាពតានតឹងផ្នែកយោធានៅក្នុងតំបន់ បន្ទាប់ពីប្រមុខការពារជាតិជប៉ុនបាននិយាយថា ជប៉ុនអាចនឹងកាត់ចំណូល GDP ចំនួន ១ ភាគរយរបស់ខ្លួនដើម្បីយកទៅចំណាយលើផ្នែកយោធាក្នុងការតទល់នឹងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសចិន ។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែតនីខេ (Nikkei) កាលពីថ្ងៃពុធ រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុនលោកណូប៊ូអូ គីស្ស៊ី (Nobuo Kishi) បាននិយាយថា ជប៉ុនអាចជ្រើសរើសយកនូវវិធីសាស្រ្តផ្សេងៗដើម្បីប្រឆាំងនឹងការកើនឡើងនៃកងកម្លាំងយោធារបស់ទីក្រុងប៉េកាំង ។

លោកគីស្ស៊ីបាននិយាយថា តុល្យភាពផ្នែកយោធារវាងជប៉ុននឹងចិនមានភាពលម្អៀងយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយគម្លាតគ្នានេះក៏បាននឹងកំពុងតែមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ ។

គាត់បានមានប្រសាសន៍ថា “បរិយាកាសសន្តិសុខនៅជុំវិញប្រទេសជប៉ុនកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សជាមួយនឹងការតានតឹងដោយមិនច្បាស់លាស់ ។ យើងនឹងបែងចែកថវិកាដែលយើងត្រូវការទៅលើផ្នែកយោធាដើម្បីការពារប្រទេសជាតិរបស់យើង” ។

លោកគីស្ស៊ីបាននិយាយថា “ប្រជុំកោះណានសៀ (Nansei Islands) គឺជាខ្សែសង្វាក់មួយដែលគេស្គាល់ថាជាកោះរីយូគូស (Ryukus) នៅក្នុងប្រទេសជប៉ុន ដែលលាតសន្ធឹងពីភាគខាងត្បូងបំផុតនៃដីគោកជប៉ុនរហូតដល់កោះតៃវ៉ាន់ ដែលជាតំបន់ដែលមានការព្រួយបារម្ភជាខ្លាំង ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកចាវ លីជៀន (Zhao Lijian) បានឆ្លើយតបកាលពីថ្ងៃសុក្រដោយបាននិយាយថា ប្រទេសជប៉ុនគួរតែ “បញ្ឈប់ការផ្សាយព័ត៌មានមិនពិត និងការបង្កាច់បង្ខូចប្រឆាំងនឹងប្រទេសចិនទៀតទៅ” ។

លោកចាវបាននិយាយថា “ពាក្យសម្ដីដែលមិនមានទំនួលខុសត្រូវរបស់ជប៉ុនកំពុងតែធ្វើឱ្យមានការប្រកួតប្រជែងផ្នែកយោធា ការបង្កើនភាពតានតឹងក្នុងតំបន់ ការបង្កឱ្យមានការប្រឈមមុខដាក់គ្នាខាងផ្នែកយោធា និងការជ្រៀតជ្រែកក្នុងបញ្ហាកោះតៃវ៉ាន់” ។

លោកបានព្រមានប្រឆាំងនឹងការជ្រៀតជ្រែកលើតៃវ៉ាន់ ដែលជាកោះស្វ័យតមួយដែលទីក្រុងប៉េកាំងប្តេជ្ញាថា នឹងវាយយកមកដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួនវិញ ប្រសិនបើចាំបាច់ ។

លោកចាវបាននិយាយបន្តថា “ជប៉ុនតែងតែមានមនុស្សមួយក្រុមតូចដែលឈ្លក់វង្វេងនឹងសុបិនចាស់ៗរបស់ពួកយោធានិយម ហើយពួកគេក៏កំពុងតែព្យាយាមលូកដៃចូលលើបញ្ហាកោះតៃវ៉ាន់ផងដែរ។

យើងត្រូវតែប្រាប់ភាគីជប៉ុនថា ឆន្ទៈរបស់យើងក្នុងការការពារសន្តិសុខ និងបូរណភាពទឹកដីរបស់យើងគឺរឹងមាំដូចថ្មអ៊ីចឹង ដូច្នោះហើយជប៉ុនមិនគួរលូកដៃចូលជ្រៅពេកនោះទេ ។

ទំនាក់ទំនងរវាងចិននឹងជប៉ុនដែលមានភាពស្មុគស្មាញរួចទៅហើយនោះ ដោយសារតែប្រវត្តិសាស្រ្ត និងជម្លោះទឹកដីរបស់ពួកគេជុំវិញកូនកោះតូចៗជាបន្តបន្ទាប់នៅសមុទ្រចិនខាងកើត ដែលបណ្តាលឱ្យកើតមានភាពតានតឹងបន្ថែមទៀតកាលពីខែមុន នៅពេលដែលនាយករដ្ឋមន្រ្តីជប៉ុនលោកយូហ្សីហ៊ីដេ ស៊ូកា (Yoshihide Suga) និងប្រធានាធិបតីអាម៉េរិកចូ បៃដិន បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយសង្កត់ធ្ងន់ទៅលើសារសំខាន់នៃសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ ។ វាជាការលើកឡើងដំបូងចំពោះកោះស្វ័យតមួយនេះ នៅក្នុងសេចក្តីថ្លែងការណ៍រួមចាប់តាំងពីឆ្នាំ១៩៦៩ មក ។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ ជប៉ុនក៏បានសន្យាថានឹងពង្រឹងការការពាររបស់ខ្លួនដើម្បីពង្រឹងបន្ថែមទៀតនូវសម្ពន្ធមិត្ត និងសន្តិសុខក្នុងតំបន់ ។

ប្រទេសជប៉ុនបានចំណាយប្រាក់យ៉ាងច្រើនទៅលើកងកម្លាំងការពារប្រទេស មូលដ្ឋានយោធាអាម៉េរិកនៅក្នុងប្រទេស ការអភិវឌ្ឍប្រព័ន្ធការពារពីការផ្លោងមីស៊ីល និងការអភិវឌ្ឍលើគម្រោងអវកាសរបស់ខ្លួន ប៉ុន្តែរដ្ឋធម្មនុញ្ញសន្តិភាពនិយមបានហាមឃាត់យោធាជប៉ុនពីការប្រើប្រាស់កម្លាំងទ័ពក្នុងការដោះស្រាយជម្លោះអន្តរជាតិ ។

លោកលីវ ជាំងយ៉ុង (Liu Jiangyong) អ្នកជំនាញកិច្ចការជប៉ុននៃសាកលវិទ្យាល័យស៊ីងហួ (Tsinghua University) ក្នុងទីក្រុងប៉េកាំងបាននិយាយថា ការកត់សម្គាល់របស់លោកគីស្ស៊ី (Kishi) អាចជា “ការសាកល្បង” ក្នុងការជំរុញឱ្យមានកំណែទម្រង់រដ្ឋធម្មនុញ្ញ ប៉ុន្តែការកើនឡើងនៃការចំណាយលើផ្នែកយោធាដល់ ៤ ឬ ៥ ភាគរយទំនងជាមិនអាចកើតឡើងក្នុងឆាប់ៗនោះទេ ។

លោកលីវបាននិយាយថា “ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថា ថវិកាការពារជាតិមិនរបស់ជប៉ុនត្រឹមតែទុកសម្រាប់ការពារខ្លួនប៉ុណ្ណោះទេ ប៉ុន្តែការកើនឡើងនៃថវិកាមួយផ្នែកទៀតនឹងត្រូវបានយកទៅវិនិយោគលើផ្នែកយុទ្ធសាស្ត្រយោធាសកលដែលដឹកនាំដោយអាម៉េរិក ដូច្នេះ ទោះបីក្នុងករណីគ្មានការវាយប្រហារមកលើជប៉ុនក៏ដោយ ក៏យោធារបស់ជប៉ុនអាចចូលរួមធ្វើសង្គ្រាមនៅបរទេសជាមួយសហរដ្ឋអាម៉េរិកបាន ដែលជាការលើកកម្ពស់នៃជំហការពាររបស់ខ្លួន ។

ប្រទេសជប៉ុនធ្វើការយ៉ាងសកម្មក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ក្រោមក្រុមសម្ពន្ធមិត្ត The Quad ជាមួយសហរដ្ឋអាម៉េរិក អូស្រ្តាលី និងឥណ្ឌា ដែលទីក្រុងប៉េកាំងមើលឃើញថា វាជាផ្នែកមួយនៃការកិច្ចខិតខំប្រឹងប្រែងដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់ចិននៅក្នុងតំបន់ ។ លោកគីស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា “លោកមានសេចក្ដីសោមនស្សរីករាយណាស់ក្នុងការចូលរួមកិច្ចប្រជុំរវាងរដ្ឋមន្រ្តីការពារជាតិរបស់បណ្តាប្រទេសដែលជាសមាជិក The Quad” ទាំងអស់ ។

អ្នកអត្ថាធិប្បាយយោធាលោកសុង ចុងពីង (Song Zhongping) ដែលមានមូលដ្ឋាននៅទីក្រុងហុងកុងបាននិយាយថា “ខណៈដែលប្រទេសជប៉ុនអាចព្យាយាមពង្រឹងកម្លាំងយោធារបស់ខ្លួន ទីក្រុងប៉េកាំងក៏អាចរក្សាការផ្តោតសំខាន់ជាយុទ្ធសាស្ត្រដើម្បីឆ្លើយតបទៅនឹងបរិយាកាសដែលកំពុងផ្លាស់ប្តូរនៅក្នុងតំបន់ជិតខាងរបស់ខ្លួនដូចគ្នា” ។

© រក្សាសិទ្ធិអត្ថបទ និងចុះផ្សាយដោយ ៖  ខ្មែរ អេឡិកត្រូនិក ប៊ុកEbook Cambodia

 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!