ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា បុរសម្នាក់ដែលបានសម្លាប់អតីតប្រពន្ធរបស់គាត់ដោយដុតនាងក្នុងកំឡុងពេលនាងផ្សាយផ្ទាល់ត្រូវបានប្រហារជីវិតនៅក្នុងប្រទេសចិនកាលពីថ្ងៃសៅរ៍ ដែលជាការបញ្ចប់ករណីដែលបង្កឱ្យមានភាពភ័យរន្ធត់ និងផ្ទុះកំហឹងទូទាំងប្រទេស ។
លោក Tang Lu ត្រូវបានកាត់ទោសប្រហារជីវិតដោយតុលាការមួយនៅខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន នេះបើយោងតាម Global Times ។ កាសែត Global Times បានរាយការណ៍ថា លោក Tang ត្រូវបានអនុញ្ញាតឱ្យជួបគ្រួសាររបស់គាត់មុនពេលប្រហារជីវិត ។
អតីតភរិយារបស់លោក Tang ឈ្មោះ Lhamo គឺជាកសិករ និងជាអ្នកផ្សាយផ្ទាល់ម្នាក់នៅក្នុងខេត្តស្វយ័តទីបេ ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា លោកTang មានប្រវត្តិរំលោភលើរាងកាយចំពោះ អ្នកនាង Lhamo ហើយប្តីប្រពន្ធនេះបានលែងលះគ្នានៅក្នុងខែមិថុនាឆ្នាំ 2020 ។

លោក Tang បានស្វែងរកប្រពន្ធរបស់គាត់ម្តងហើយម្តងទៀត ហើយសុំរៀបការម្តងទៀតនៅខែបន្ទាប់ ប៉ុន្តែត្រូវបានបដិសេធ ។
បន្ទាប់មក នៅក្នុងខែកញ្ញា ឆ្នាំ 2020 អ្នកនាង Lhamo បាននឹងកំពុងផ្សាយផ្ទាល់វីដេអូរបស់នាង ហើយនៅពេលនោះលោក Tang បានបង្ហាញខ្លួននៅពីក្រោយនាង ដោយចាក់សាំងលើនាង ហើយដុតនាង ។ នាងបានស្លាប់ពីរសប្តាហ៍ក្រោយមក ។ Tang ត្រូវបានចាប់ខ្លួនភ្លាមៗបន្ទាប់ពីការវាយប្រហារ ហើយត្រូវបានកាត់ទោសប្រហារជីវិតនៅខែតុលា ឆ្នាំ 2021 ។