ចក្រភពអង់គ្លេសអញ្ជើញកូរ៉េខាងជើងឱ្យបញ្ជូនបេសកជនទៅចូលរួមពិធីបុណ្យសពរបស់ម្ចាស់ក្សត្រី Elizabeth II
Breaking News

ចក្រភពអង់គ្លេសអញ្ជើញកូរ៉េខាងជើងឱ្យបញ្ជូនបេសកជនទៅចូលរួមពិធីបុណ្យសពរបស់ម្ចាស់ក្សត្រី Elizabeth II

ប្រភពការិយាល័យបរទេសមួយបាននិយាយកាលពីថ្ងៃពុធថា ប្រទេសអង់គ្លេសកំពុងអញ្ជើញអ្នកតំណាងមកពីប្រទេសកូរ៉េខាងជើង ដើម្បីចូលរួមពិធីបុណ្យសពរបស់ម្ចាស់ក្សត្រី Elizabeth នៅថ្ងៃចន្ទ ប៉ុន្តែប្រទេសអាហ្វហ្គានីស្ថាន ស៊ីរី និងវេណេហ្ស៊ុយអេឡា នឹងមិនត្រូវបានផ្តល់ការអញ្ជើញនោះទេ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

ពិធីបុណ្យសពរបស់ម្ចាស់ក្សត្រី Elizabeth នឹងប្រព្រឹត្តទៅនៅទីក្រុងឡុងដ៍នៅថ្ងៃទី 19 ខែកញ្ញា ហើយមានមេដឹកនាំពិភពលោក រាជវង្ស និងឥស្សរជនផ្សេងទៀតបាននិយាយរួចហើយថាពួកគេនឹងចូលរួម ។

ប្រភព​បន្ត​ថា ការ​អញ្ជើញ​កូរ៉េ​ខាង​ជើង​កុម្មុយនិស្ត​នឹង​ធ្វើ​ឡើង​ក្នុង​កម្រិត​ឯកអគ្គរដ្ឋទូត ។ នេះមានន័យថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងមិនចូលរួមនោះទេ ។ ទីក្រុង​ព្យុងយ៉ាង​មាន​ស្ថានទូត​មួយ​នៅ​ក្រុង​ឡុងដ៍​ភាគ​ខាងលិច ។

ប្រទេសស៊ីរី និងវេណេហ្ស៊ុយអេឡា នឹងមិនត្រូវបានគេអញ្ជើញទេ ព្រោះបច្ចុប្បន្ន អង់គ្លេសមិនមានទំនាក់ទំនងការទូតជាមួយរដ្ឋទាំងនោះទេ។ ប្រភព​ដដែល​បាន​បន្ត​ថា អាហ្វហ្គានីស្ថាន​មិន​ត្រូវ​បាន​អញ្ជើញ​ទេ ដោយសារ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន ។ ខណៈមីយ៉ាន់ម៉ា រុស្ស៊ី និងបេឡារុស្សក៏មិនត្រូវទទួលបានការអញ្ជើញផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *