សមាជិកនាំមុខគេនៃគណបក្សកាន់អំណាចរបស់ប្រទេសកូរ៉េខាងជើងនឹងជួបប្រជុំគ្នានៅខែនេះដើម្បីពិភាក្សាអំពីកិច្ចការបន្ទាន់នៃការកែលម្អវិស័យកសិកម្មរបស់ប្រទេស ខណៈដែលអ្នកជំនាញអន្តរជាតិនិយាយថា អសន្តិសុខស្បៀងរបស់ប្រទេសនេះកាន់តែអាក្រក់ឡើងចំពេលមានការដាក់ទណ្ឌកម្ម និងការបិទខ្ទប់ដោយសារកូវីដ-19 ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា ការិយាល័យនយោបាយរបស់គណបក្សពលករកូរ៉េ (WPK) បានសម្រេចចិត្តកាលពីថ្ងៃអាទិត្យថា កិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការកណ្តាលនឹងប្រមូលផ្តុំនៅចុងខែកុម្ភៈ ។
របាយការណ៍នេះបាននិយាយថា “វាជាកិច្ចការសំខាន់ និងបន្ទាន់បំផុតក្នុងការបង្កើតយុទ្ធសាស្ត្រត្រឹមត្រូវសម្រាប់ការអភិវឌ្ឍន៍កសិកម្ម និងចាត់វិធានការពាក់ព័ន្ធសម្រាប់ការធ្វើកសិកម្មជាបន្ទាន់ក្នុងដំណាក់កាលបច្ចុប្បន្ននៃការតស៊ូដើម្បីជំរុញការអភិវឌ្ឍន៍រួមនៃការសាងសង់សង្គមនិយម”។
KCNA បាននិយាយថា ការិយាល័យនយោបាយបានទទួលស្គាល់ថា “ចំណុចរបត់មួយគឺចាំបាច់ដើម្បីជំរុញការផ្លាស់ប្តូរទិសដៅនៅក្នុងការអភិវឌ្ឍន៍កសិកម្ម” ។
កូរ៉េខាងជើងស្ថិតក្រោមការដាក់ទណ្ឌកម្មអន្តរជាតិយ៉ាងតឹងរ៉ឹងជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលផ្លោង ។ ពាណិជ្ជកម្មតាមព្រំដែនត្រូវបានបិទបន្ថែមទៀតដោយការបិទទ្វារដែលកំណត់ដោយខ្លួនឯងក្នុងគោលបំណងការពារការផ្ទុះឡើងជំងឺកូវីដ-19។
ការបិទខ្ទប់ទាំងនោះបានបន្ធូរបន្ថយមួយផ្នែកក្នុងប៉ុន្មានខែថ្មីៗនេះ ដោយពាណិជ្ជកម្មមួយចំនួនបានបន្តឡើងវិញរវាងកូរ៉េខាងជើង និងរុស្ស៊ី និងចិន ទោះបីជានៅកម្រិតទាបនៅឡើយ។ ប្រទេសនេះក៏តែងតែរងគ្រោះដោយគ្រោះធម្មជាតិដូចជាទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំងដែលធ្វើឱ្យខូចខាតដំណាំរដូវក្ដៅ។
ប្រភព ៖ Reuters
By Suon Visal