Breaking News

ក្រុមប្រទេស G7 បានព្រមព្រៀងគ្នាកំណត់តម្លៃប្រេងរបស់រុស្ស៊ី

ក្រុមប្រទេស G7 ព្រមព្រៀងគ្នាក្នុងការដាក់កម្រិតលើតម្លៃប្រេងរបស់រុស្ស៊ី ដោយពួកគេសង្ឃឹមថា វានឹងចូលជាធរមាន ជាមួយនឹងទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុបនៅខែធ្នូខាងមុខនេះ ។

ទីភ្នាក់ងារសារព័ត៌មាន CNN បានរាយការណ៍ថា ប្រទេសឧស្សាហកម្មឈានមុខគេទាំង7របស់ពិភពលោក ឬ G7 បានព្រមព្រៀងគ្នាកាលពីថ្ងៃសុក្រ ទី02 ខែកញ្ញា ឆ្នាំ2022 ដើម្បីអនុវត្តវិធានការ ក្នុងការកំណត់តម្លៃប្រេងរបស់រុស្ស៊ី ដើម្បីកាត់បន្ថយលទ្ធភាពរបស់រដ្ឋាភិបាលក្រុងម៉ូស្គូក្នុងការផ្តល់មូលនិធិសម្រាប់សង្គ្រាមនៅអ៊ុយក្រែន ។

រដ្ឋមន្ត្រីរតនាគារ និងហិរញ្ញវត្ថុមកពីប្រទេស G7 រួមមានសហរដ្ឋអាម៉េរិក ជប៉ុន កាណាដា អាល្លឺម៉ង់ បារាំង អ៊ីតាលី និងចក្រភពអង់គ្លេស បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍រួមថា ពួកគេនឹងហាមឃាត់ការដឹកជញ្ជូនផ្លូវតាមសមុទ្រចំពោះប្រេងឆៅ និងផលិតផលប្រេងនានា ដែលមានប្រភពមកពីប្រទេសរុស្ស៊ី លុះត្រាតែប្រទេសនេះលក់ក្នុងតម្លៃមិនទាបជាងការកំណត់ ។

ពួកគេក៏បានបញ្ជាក់ផងដែរថា តម្លៃអតិបរមាត្រូវបានកំណត់ដោយគណៈកម្មាធិការចម្រុះអន្តរជាតិ វានឹងចូលជាធរមានស្របទៅនឹងទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុបក្នុងការហាមឃាត់ការនាំចូលប្រេងឆៅពីប្រទេសរុស្ស៊ីតាមផ្លូវសមុទ្រចាប់ពីថ្ងៃទី05 ខែធ្នូក្នុងឆ្នាំនេះ និងផលិតផលប្រេងឥន្ធនៈដែលមានមូលដ្ឋានមកពីរុស្ស៊ីចាប់ពីថ្ងៃទី05 ខែកុម្ភៈ ឆ្នាំក្រោយ ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version