ក្មេងស្រីជនជាតិជប៉ុនដេញចាក់មនុស្សដោយកាំបិត ដែលជាការហ្វឹកហាត់ដើម្បីសម្លាប់ម្ដាយបង្កើតរបស់នាង
Breaking News

ក្មេងស្រីជនជាតិជប៉ុនដេញចាក់មនុស្សដោយកាំបិត ដែលជាការហ្វឹកហាត់ដើម្បីសម្លាប់ម្ដាយបង្កើតរបស់នាង

ក្មេងស្រីជនជាតិជប៉ុនអាយុ15ឆ្នាំម្នាក់ បានដេញចាក់មនុស្សដោយកាំបិតជាច្រើននាក់នៅក្នុងទីក្រុងតូក្យូ ដោយនាងបាននិយាយថា “នាងកំពុងហ្វឹកហាត់ដើម្បីត្រៀមសម្លាប់ម្តាយបង្កើតរបស់នាង” ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Japan Times ។

ប៉ូលិសជប៉ុនបានធ្វើការចាប់ខ្លួនក្មេងស្រីអាយុ15ឆ្នាំម្នាក់ ដែលបានចាក់ស្ត្រីម្នាក់ និងកូនស្រីរបស់គាត់ ដោយកាំបិតនៅក្នុងសង្កាត់ Shibuya នៃទីក្រុងតូក្យូកាលពីថ្ងៃចន្ទ 20សីហា កន្លងមកនេះ ។ ក្មេងស្រីរូបនេះឆ្លើយទៅកាន់ប៉ូលិសថា នាងកំពុងហ្វឹកហាត់ក្នុងគោលបំណងសម្លាប់ម្តាយបង្កើត និងប្អូនប្រុសរបស់នាង ។

ក្មេងស្រីខ្មាំងកាំបិតបានផ្តល់សក្ខីកម្មទៅកាន់អ្នកស៊ើបអង្កេតថា “ខ្ញុំកំពុងហាត់សមដើម្បីសម្លាប់ម្តាយបង្កើត និងប្អូនប្រុសរបស់ខ្ញុំ” នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Asahi ។

“ខ្ញុំបានចាក់ពួកគេទាំងពីរនាក់ ដើម្បីចង់ឱ្យគ្រប់គ្នាបានដឹងថា ខ្ញុំពិតជាអាចសម្លាប់មនុស្សបានពិតមែន” ។

របាយការណ៍បានបញ្ជាក់ថា ក្មេងស្រីម្នាក់បានចូលទៅជិតជនរងគ្រោះពីក្រោយខ្នង ហើយប្រើកាំបិតផ្ទះបាយដែលនាំមកពីផ្ទះរបស់នាង ចាក់ទៅលើជនរងគ្រោះទាំងពីរនាក់ បណ្ដាលឱ្យពួកគេរងរបួសធ្ងន់ នៅតាមបណ្ដោយផ្លូវតូចចង្អៀតមួយកន្លែង ក្បែរស្ថានីយរថភ្លើង Shinsen នៅវេលាម៉ោងប្រហែល 07:20នាពេលយប់ ។

ជនរងគ្រោះទាំងពីរនាក់ ត្រូវបានចាក់ចំខ្នង និងដងខ្លួន ។ ដោយឡែកក្មេងស្រីរងគ្រោះ ត្រូវបានចាក់នឹងកាំបិតជម្រៅ 10សង់ទីម៉ែត្រចូលដល់ក្នុងក្រលៀន ។ គ្រូពេទ្យបាននិយាយថា ក្មេងស្រីរងគ្រោះរូបនោះអាចនឹងត្រូវចំណាយពេលព្យាបាលជាច្រើនខែ ។

ប៉ូលិសចាប់ខ្លួនក្មេងស្រីនៅកន្លែងកើតហេតុ នាងត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងសម្លាប់ស្ត្រីវ័យ 53ឆ្នាំម្នាក់ និងកូនស្រីរបស់គាត់អាយុ19ឆ្នាំ ។

ក្មេងស្រីដែលជាជនបង្កហេតុរស់នៅក្នុងទីក្រុង Toda ខេត្ត Saitama អះអាងថា នាងចង់សម្លាប់ម្តាយរបស់នាងដោយសារ “នាងស្អប់គាត់ខ្លាំងណាស់” នាងមានអារម្មណ៍ថា នាងមានចរិតដូចទៅនឹងម្តាយរបស់នាងណាស់ ។ ចំណែករឿងដែលនាងគិតចង់សម្លាប់ប្អូនប្រុសរបស់នាងដែរនោះ គឺដោយសារតែនាងបារម្ភថា ប្អូនប្រុសរបស់នាងនឹងទ្រាំមើលម្តាយស្លាប់មិនបាន ។

ក្មេងស្រីនេះបានប្រាប់អ្នកស៊ើបអង្កេតបន្ទាប់ពីត្រូវបានចាប់ខ្លួនថា នាងបានវាយប្រហារជនរងគ្រោះដោយសារនាងចង់ទទួលទោស “ប្រហារជីវិត” ហើយនាងបានបញ្ជាក់ថា នាងមិនដែលស្គាល់ ឬមានគំនុំជាមួយជនរងគ្រោះទាំងពីរនាក់នោះពីមុនមកទេ ។

Leave a Reply

Your email address will not be published. Required fields are marked *