កូរ៉េខាងត្បូងបាញ់បង្ហោះផ្កាយរណបចារកម្មដំបូង ចំពេលការប្រណាំងអវកាសជាមួយកូរ៉េខាងជើងចាប់ផ្ដើមកើតឡើង
Asia Technology

កូរ៉េខាងត្បូងបាញ់បង្ហោះផ្កាយរណបចារកម្មដំបូង ចំពេលការប្រណាំងអវកាសជាមួយកូរ៉េខាងជើងចាប់ផ្ដើមកើតឡើង

កូរ៉េខាងត្បូងបានបាញ់បង្ហោះផ្កាយរណបចារកម្មដំបូងរបស់ខ្លួនដោយប្រើរ៉ុក្កែតដែលដំណើរការដោយក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk ។

 

ការបាញ់បង្ហោះកាលពីថ្ងៃសៅរ៍បានកើតឡើងតិចជាងពីរសប្តាហ៍ បន្ទាប់ពីបងប្អូនជាគូរសត្រូវនឹងគ្នាកូរ៉េខាងជើងបានប្រកាសថា ខ្លួនបានបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍របស់ខ្លួនដោយជោគជ័យ ដោយបានគូសបញ្ជាក់ពីការបង្កើនល្បឿននៃការប្រណាំងអវកាសរវាងប្រទេសជិតខាងទាំង២ ។

 

ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា ផ្កាយរណបរបស់ប្រទេសកូរ៉េខាងត្បូង ដែលត្រូវបាញ់បង្ហោះដោយគ្រាប់រ៉ុក្កែត SpaceX ​ ត្រូវបានបាញ់ចេញពីមូលដ្ឋានកងកម្លាំងអវកាស Vandenberg ក្នុងរដ្ឋកាលីហ្វ័រញ៉ា ​ចូលគន្លងតារាវិថីប៉ុន្មាននាទីបន្ទាប់ពីការបាញ់បង្ហោះ និងទទួលបានជោគជ័យក្នុងការទំនាក់ទំនងជាមួយនឹងបញ្ជាការគ្រប់គ្រង​នៅម៉ោង ១១ ព្រឹក។

 

ផ្កាយរណប​នេះនឹងពង្រឹងសមត្ថភាពរបស់ទីក្រុងសេអ៊ូលក្នុងការត្រួតពិនិត្យ និងឃ្លាំមើលប្រទេសកូរ៉េខាងជើងដែលមានអាវុធនុយក្លេអែរ ដែលរាល់ដងធ្លាប់តែពឹងផ្អែកយ៉ាងខ្លាំងលើសមត្ថភាពឃ្លាំមើលរបស់សម្ពន្ធមិត្តរបស់ខ្លួនគឺសហរដ្ឋអាមេរិក។

 

ផ្កាយរណបកូរ៉េខាងត្បូងដែលនឹងដំណើរការនៅចម្ងាយពី ៤០០ ទៅ ៦០០ គីឡូម៉ែត្រ​ពីលើផែនដី អាចមើលឃើញវត្ថុតូចមួយដែលមានទំហំ ៣០ សង់ទីម៉ែត្រ ​នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap ។

 

ការបាញ់បង្ហោះផ្កាយរណប Malligyong-1 របស់កូរ៉េខាងជើងកាលពីខែមុន បានទាក់ទាញការថ្កោលទោសពីសហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន ដែលរដ្ឋាភិបាលរបស់ពួកគេចាត់ទុកកម្មវិធីអវកាសរបស់ទីក្រុងព្យុងយ៉ាងថាជាលេសដើម្បីសាកល្បងបច្ចេកវិទ្យាមីស៊ីលផ្លោងដែលត្រូវបានហាមឃាត់ ។

AFP

Leave a Reply

Your email address will not be published. Required fields are marked *