​កូរ៉េខាងជើងបាននិយាយថា អ៊ុយក្រែនគ្មានសិទ្ធិលើកយកបញ្ហាអធិបតេយ្យភាពមកនិយាយទេ!!
Breaking News

​កូរ៉េខាងជើងបាននិយាយថា អ៊ុយក្រែនគ្មានសិទ្ធិលើកយកបញ្ហាអធិបតេយ្យភាពមកនិយាយទេ!!

ក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃសុក្រថា អ៊ុយក្រែនគ្មានសិទ្ធិលើកយកបញ្ហាអធិបតេយ្យភាពមកនិយាយទេ បន្ទាប់ពីបានចូលរួមជាមួយសកម្មភាព “អយុត្តិធម៌ និងខុសច្បាប់” របស់សហរដ្ឋអាម៉េរិក ដែលធ្លាប់បានរំលោភលើអធិបតេយ្យភាពរបស់ទីក្រុងព្យុងយ៉ាង ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេស បន្ទាប់ពីបានទទួលស្គាល់ជាផ្លូវការនូវរបបផ្តាច់ខ្លួនដែលគាំទ្រដោយរុស្ស៊ីចំនួនពីរនៅភាគខាងកើតអ៊ុយក្រែនជារដ្ឋឯករាជ្យ។

អ៊ុយក្រែនបានផ្តាច់ទំនាក់ទំនងជាមួយកូរ៉េខាងជើងបន្ទាប់ពីការផ្លាស់ប្តូរនេះ ដោយហៅវាថាជាការប៉ុនប៉ងបំផ្លាញអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ។
ប៉ុន្តែក្រសួងការបរទេសរបស់ប្រទេសឯកោបានការពារការសម្រេចចិត្តនេះ ដោយនិយាយថា អ៊ុយក្រែនបានជួយដល់សកម្មភាពខុសច្បាប់ដែលដឹកនាំដោយសហរដ្ឋអាម៉េរិករួចហើយ រួមទាំងការដាក់ទណ្ឌកម្មលើកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងផងដែរ ។

ប្រទេសកូរ៉េខាងជើងបាននិយាយថាកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនគឺជាការការពារខ្លួន ហើយបានចោទប្រកាន់សហរដ្ឋអាម៉េរិកថារក្សា “គោលនយោបាយអរិភាព” ដោយការដាក់ទណ្ឌកម្មអន្តរជាតិ និងធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ។

ក្រសួងបាននិយាយថា “អ៊ុយក្រែនមិនមានសិទ្ធិលើកបញ្ហា ឬជំទាស់នឹងការអនុវត្តអធិបតេយ្យភាពស្របច្បាប់របស់យើងទេ បន្ទាប់ពីបានប្រព្រឹត្តទង្វើដែលខ្វះភាពយុត្តិធម៌យ៉ាងធ្ងន់ធ្ងររវាងប្រជាជាតិនានា ដោយចូលរួមយ៉ាងសកម្មនូវគោលនយោបាយអរិភាព និងអយុត្តិធម៌របស់សហរដ្ឋអាម៉េរិកនាពេលកន្លងមក” ។

“យើងនឹងបន្តពង្រឹង និងអភិវឌ្ឍមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងអស់ដែលគោរពអធិបតេយ្យភាពរបស់យើង និងចាត់ទុកពួកយើងដោយអនុគ្រោះ ដោយផ្អែកលើគោលការណ៍សមភាពអធិបតេយ្យភាព ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង និងការគោរពគ្នាទៅវិញទៅមក” ។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *