Breaking News

ការវាយប្រហាររបស់អ៊ីស្រាអែលលើប៉ាឡេស្ទីនកើតឡើង បន្ទាប់ពីមានគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់បានហោះចេញពីទឹកដីប៉ាឡេស្ទីន!!

យន្តហោះចម្បាំងអ៊ីស្រាអែល បានធ្វើការវាយប្រហារតំបន់ហ្គាហ្សា បន្ទាប់ពីមានការបាញ់បង្ហោះគ្រាប់រ៉ុក្កែតចេញពីទឹកដីប៉ាឡេស្ទីន កាលពីថ្ងៃសៅរ៍ ប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បានហោះពីប្រទេសអ៊ីស្រាអែល ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងដំណើរបំពេញទស្សនកិច្ចនៅមជ្ឈិមបូព៌ា ក្នុងគោលបំណងធ្វើឲ្យស៊ីជម្រៅសមាហរណកម្មរបស់អ៊ីស្រាអែល នៅក្នុងតំបន់ ។

យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារទីតាំងពីរដែលជាកម្មសិទ្ធិរបស់ក្រុមហាម៉ាសដែលជាក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមដែលគ្រប់គ្រងតំបន់នោះ ។ យោធាបាននិយាយថា គោលដៅមួយក្នុងចំណោមគោលដៅទាំងអស់ គឺរោងចក្រផលិតគ្រាប់រ៉ុក្កែតក្រោមដី ។
សាក្សីនៅតំបន់ហ្គាហ្សាបានពណ៌នាអំពីទីតាំងទាំងពីរដែលបានវាយប្រហារថា ជាជំរុំហ្វឹកហាត់របស់ក្រុមហាម៉ាស ។ គ្មាននរណាម្នាក់ត្រូវបានរងរបួសទេ ។

ក្រុមហាម៉ាស់បានថ្កោលទោសដំណើរទស្សនកិច្ចរបស់លោក បៃដិន ហើយអ្នកនាំពាក្យក្រុមហាម៉ាសលោក Fawzi Barhoum បាននិយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល “បានឆ្លុះបញ្ចាំងពីការគាំទ្រ និងការលើកទឹកចិត្តរបស់សហរដ្ឋអាម៉េរិក ដើម្បីឲ្យអ៊ីស្រាអែលបន្តការឈ្លានពាន និងបន្តឧក្រិដ្ឋកម្មរបស់ខ្លួន” ។
ស៊ីរ៉ែនបានបន្លឺសំឡេងនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលចំនួនពីរលើកនៅព្រឹកថ្ងៃសៅរ៍ ដោយព្រមានពីការបាញ់គ្រាប់រ៉ុក្កែត ។ យោធាបាននិយាយថា គ្រាប់រ៉ុក្កែតមួយត្រូវបានស្ទាក់ចាប់ ហើយមីស៊ីលចំនួនបីគ្រាប់បានធ្លាក់នៅទីវាលគ្មានមនុស្ស ។ គ្មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការបាញ់បង្ហោះគ្រាប់រ៉ុក្កែតនេះទេ ។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version