ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IDC បាននិយាយនៅថ្ងៃអាទិត្យនេះថា ការលក់ស្មាតហ្វូនរបស់ប្រទេសចិនបានធ្លាក់ចុះ 13% ក្នុងឆ្នាំ 2022 នេះបើធៀបនឹងពេលវេលាដូចគ្នាកាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះដ៏ធំបំផុតសម្រាប់វិស័យនេះក្នុងរយៈពេលមួយទសវត្សរ៍ ខណៈដែលអ្នកប្រើប្រាស់បានចំណាយប្រាក់ដោយប្រុងប្រយ័ត្ន ដោយសារការបិទខ្ទប់ប្រទេសចិនកាលពីឆ្នាំ 2022 ។
ទូរស័ព្ទដៃស្មាតហ្វូនសរុបដែលត្រូវបាននាំចេញមានចំនួន 286 លានគ្រឿងក្នុងឆ្នាំ 2022 ខណៈកាលពីឆ្នាំ2021 មាន 329 លានគ្រឿងត្រូវបាននាំចេញ ។
IDC បាននិយាយនៅក្នុងរបាយការណ៍មួយថា នោះមានន័យថាបរិមាណលក់សរុបក្នុងឆ្នាំ 2022 គឺទាបបំផុតចាប់តាំងពីឆ្នាំ 2013 ហើយជាលើកដំបូងចាប់តាំងពីពេលនោះមក ដែលការលក់ប្រចាំឆ្នាំបានធ្លាក់ចុះក្រោម 300 លានគ្រឿង ។
ក្រុមហ៊ុនផលិតទូរស័ព្ទ Vivo គឺជាម៉ាកដែលលក់ដាច់បំផុតក្នុងឆ្នាំនេះ ជាមួយនឹងចំណែកទីផ្សារ 18.6%។ ខណៈការនាំចេញសរុបរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះ 25.1% បើធៀបនឹងឆ្នាំមុន ។ Honor ជាប់ចំណាត់ថ្នាក់ជាម៉ាកដែលលក់ដាច់ជាងគេទីពីរ ជាមួយនឹងការនាំចេញកើនឡើងជាង 34% ។
Apple គឺជាម៉ាកទូរស័ព្ទដែលលក់ដាច់បំផុតទី 3 ក្នុងឆ្នាំ 2022 ដែលតាមពីក្រោយដោយ Oppo ។ ការលក់សរុបរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះ 4.4% បើធៀបនឹងឆ្នាំមុន ។
ការគ្រប់គ្រងដ៏តឹងរ៉ឹងនៃវីធានការកូវីដ-19 នៅក្នុងប្រទេសចិនដែលបានកើនឡើងនៅនិទាឃរដូវឆ្នាំ 2022 នៅទូទាំងទីក្រុងជាច្រើនបានធ្វើមានបន្ទុកយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចរបស់ចិនដែលបានធ្លាក់ចុះដល់កម្រិតដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជិតកន្លះសតវត្សឆ្នាំមុន ។
ប្រភព ៖ Reuters
Translate by Suon Visal