អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe កំពុងស្ថិតក្នុងដំណាក់កាលបេះដូងលេងដើរ បន្ទាប់ពីលោកត្រូវបានគេបាញ់ប្រហារនៅទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន ជាកន្លែងដែលលោកកំពុងធ្វើសុន្ទរកថាយុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យសប្ដាហ៍នេះ ។ ដោយសារតែការបាញ់ប្រហារនេះស្ថិតក្នុងពេលវេលាដ៏រសើប ហេតុការណ៍នេះបានបង្កឱ្យមានការសង្ស័យថា ជាការធ្វើប៉ងឃាតក្នុងលក្ខណៈនយោបាយ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK លោក Abe ត្រូវបានបាញ់ពីខាងក្រោយ ហើយដួលក្នុងអំឡុងពេលសុន្ទរកថារបស់គាត់។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបាននិយាយថា លោក Abe បានហូរឈាម ហើយស្ថិតក្នុងស្ថានភាពនៃបេះដូងលែងដើរ ដែលជាពាក្យដែលតែងតែប្រើនៅក្នុងប្រទេសជប៉ុនមុនពេលការស្លាប់ត្រូវបានបញ្ជាក់ ។
ជនវាយប្រហារត្រូវបានចាប់ខ្លួន ហើយករណីនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតដោយប៉ូលិសមូលដ្ឋាន។
អ្នកវិភាគបានពណ៌នាហេតុការណ៍នេះថា ជាឧប្បត្តិហេតុនយោបាយធំបំផុតក្នុងនយោបាយជប៉ុនក្រោយសង្គ្រាមលោកលើកទី២ ។
លោក Xiang Haoyu អ្នកស្រាវជ្រាវនៅវិទ្យាស្ថានសិក្សាអន្តរជាតិចិនបានប្រាប់ Global Times កាលពីថ្ងៃសុក្រថា ការបាញ់ប្រហារកើតឡើងនៅពេលវេលាដ៏រសើបមុនការបោះឆ្នោតសភាជាន់ខ្ពស់ ដូច្នេះហេតុផលនយោបាយ គឺមិនអាចបដិសេធបានទេ។
ប្រភព ៖ Global Time