News & Blogs

ប្រវត្តិសាស្ត្រខ្មែរ

កម្ពុជានៅក្នុងអំឡុងពេលសង្គ្រាមត្រជាក់

website-cover24

កម្ពុជានៅក្នុងអំឡុងពេលសង្គ្រាមត្រជាក់

សង្គ្រាមត្រជាក់គឺជាសង្គ្រាម មនោគមវិជ្ជា ដែលកើតឡើងបន្ទាប់ពីសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ ។ វាបានចាប់ផ្ដើមពីឆ្នាំ១៩៤៧ រហូតដល់ឆ្នាំ១៩៩១ ។ សង្គ្រាមនេះគឺជាការប្រឈមមុខដាក់គ្នារវាងលោកកុម្មុយនីស្តដែលមានសហភាពសូវៀតជាមួយសម្ពន្ធមិត្ត និងលោកសេរីដែលមានសហរដ្ឋអាម៉េរិក និងសម្ពន្ធមិត្ត ។ ទំនាស់មនោគមវិជ្ជានៅទីនេះគឺសហរដ្ឋអាម៉េរិកចង់ដឹកនាំលោកសេរីតាមរបៀបប្រជាធិបតេយ្យ ចំណែកសហភាពសូវៀតចង់ដឹកនាំពិភពលោកតាមរបៀបកុម្មុយនីស្ត ។ ឥទ្ធិពលសង្គ្រាមត្រជាក់ និងមនោគមវិជ្ជាបានធ្វើឲ្យប្រទេសមួយចំនួនត្រូវបែងចែកទឹកដីជាពីរដូចជាប្រទេសអាល្លឺម៉ង់ក្លាយជាអាល្លឺម៉ង់ខាងលិច និងខាងកើត ប្រទេសកូរ៉េក្លាយជាកូរ៉េខាងជើង និងខាងត្បូង ប្រទេសវៀតណាមក្លាយជាវៀតណាមខាងជើង និងវៀតណាមខាងត្បូងជាដើម ។

ចលនាមិនចូលបក្សសម្ព័ន្ធ

ក្នុងពេលដែលសន្តិសុខ និងស្ថិរភាពនៃប្រទេសជាច្រើនរងការគំរាមកំហែងពីនិន្នាការសេរី និងកុម្មុយនីស្តក្នុងអំឡុងសង្គ្រាមត្រជាក់ កម្ពុជាដែលប្រកាន់នយោបាយអព្យាក្រឹត្យ បានក្លាយជាកោះសន្តិភាព ។ ប្រទេសដែលបានប្រកាន់នយោបាយអព្យាក្រឹត្យគឺមិនមែនមានតែកម្ពុជាតែម្នាក់ឯងនោះទេ គឺមានប្រទេសមួយចំនួនទៀតដូចជាឡាវ មីយ៉ាន់ម៉ា ឥណ្ឌា ស្រីលង្កា និងឥណ្ឌូនេសុីជាដើម ។ នយោបាយនេះកាន់តែមានភាពជាក់ច្បាស់នៅពេលដែលសម្ដេចនរោត្តមសីហនុបានចូលរួមក្នុងសន្និសីទកំពូលនៃប្រទេសអាសុីអាហ្វ្រិកនៅក្រុងបានឌុងប្រទេសឥណ្ឌូនេសុី នៅខែមេសា ឆ្នាំ១៩៥៥ និងបានបញ្ជាក់ពីជំហររបស់កម្ពុជាស្ដីពីការប្រកាន់យកចលនាមិនចូលបក្សសម្ពន្ធ ។ 

កោះសន្តិភាព

ប្រទេសឥណ្ឌូចិនទាំងបីរួមមានវៀតណាម ឡាវ និងកម្ពុជាបានទទួលឯករាជ្យហើយក៏ធ្វើដំណើរក្នុងផ្លូវផ្សេងគ្នា ។ ចលនានយោបាយប្រទាញប្រទង់គ្នារវាងរាជានិយម និងក្រុមកុម្មុយនីស្តបានទាញប្រទេសឡាវឲ្យធ្លាក់ក្នុងសង្គ្រាមសុីវិល ។ ពេលជាមួយគ្នានេះ វៀតណាមបានបែងចែកជាពីរគឺវៀតណាមខាងជើងដែលមាននិន្នាការកុម្មុយនីស្តគាំទ្រដោយចិន ព្រមទាំងសូវៀត និងវៀតណាមខាងត្បូងដែលមាននិន្នាការសេរីគាំទ្រដោយសហរដ្ឋអាម៉េរិក ។ ការបែកខ្ញែកនេះបង្កឲ្យមានសង្គ្រាមសុីវិលកើតឡើងនៅពាសពេញប្រទេសវៀតណាម ។ ការប្រកាន់ជំហររបស់សម្ដេចនរោត្តមសីហនុក្នុងរបបសង្គមរាស្ត្រនិយមគឺក្នុងទិសដៅបង្រួបបង្រួមជាតិ បញ្ចៀសកម្ពុជាពីសង្គ្រាមសុីវិល និងការវីករាលដាលនៃសង្គ្រាមវៀតណាមលើទឹកដីកម្ពុជា ។ ក្នុងស្ថានភាពនេះកម្ពុជាត្រូវបានគេចាត់ទុកថាជាកោះសន្តិភាព ។ ប៉ុន្តែកោះសន្តិភាពនេះមានអាយុខ្លីណាស់ ។ 

កម្ពុជាក្នុងបរិបទពិភពលោក

ក្រោយពីបានចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃ១៤ ធ្នូ ឆ្នាំ១៩៥៥ កម្ពុជាព្យាយាមរក្សាទំនាក់ទំនងល្អជាមួយប្រទេសដែលមាននិន្នការខុសៗគ្នាដើម្បីរក្សាជំហរអព្យាក្រឹត្យ ។ កម្ពុជាបានចុះកិច្ចព្រមព្រៀងទទួលជំនួយពីសហរដ្ឋអាម៉េរិក ដែលក្នុងនោះរួមមានការគាំទ្រលើការកសាងហេដ្ឋារចនាសម្ពន្ធដូចជាផ្លូវជាតិលេខ៤ជាដើម ។ មិត្តភាពរវាងសម្ដេចនរោត្តមសីហនុ និងមេដឹកនាំចិន និងឥណ្ឌាបានធ្វើឲ្យទំនាក់ទំនងប្រទេសនិងប្រទេសកាន់តែមានភាពរឹងមាំ ។ កម្ពុជាក៏បានរក្សាទំនាក់ទំនងជាមួយបណ្ដាប្រទេសកុម្មុយនីស្តនៅអឺរ៉ុបខាងកើតដែរ ពិសេសប្រទេសយូហ្គោស្លាវី ។ ឯទំនាក់ទំនងជាមួយសហភាពសូវៀតបានចាប់ផ្ដើមឡើងនៅឆ្នាំ១៩៥៦ ។ ទំនាក់ទំនងនេះបាននាំមកនៅការគាំទ្រទាំងផ្នែកបច្ចេកទេស និងវិស័យអប់រំ ពិសេសការសាងសង់វិទ្យាស្ថានបច្ចេកទេសជាន់ខ្ពស់មិត្តភាពខ្មែរសូវៀតនៅឆ្នាំ១៩៦៤ ដែលក្រោយមកក្លាយជាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងបណ្ដុះបណ្ដាលនិស្សិតជាច្រើនទាំងនៅក្នុងប្រទេស និងបញ្ជូនទៅសិក្សានៅបរទេស ។

ឯកសារយោង៖ 

សៀវភៅជនជាតិខ្មែរភាគ៣របស់អង្គការសុីប៉ា (Sipar)

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!