បញ្ហាកង្វះវិស្វករក្នុងប្រទេសវៀតណាមកំពុងលេចចេញជាបញ្ហាប្រឈមដ៏សំខាន់មួយចំពោះការរីកចម្រើននៃឧស្សាហកម្ម semiconductor របស់ប្រទេសវៀតណាម និងរំខានដល់ផែនការរបស់សហរដ្ឋអាម៉េរិកក្នុងការចង់ធ្វើឲ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះក្លាយជាមជ្ឈមណ្ឌលបន្ទះឈីប ដើម្បីការពារហានិភ័យនៃការផ្គត់ផ្គង់ដែលទាក់ទងនឹងប្រទេសចិន។
ឧស្សាហកម្ម Semiconductors ត្រូវបានគេរំពឹងថានឹងក្លាយជាចំណុចពិភាក្សាគ្នាដ៏សំខាន់មួយ នៅពេលដែលប្រធានាធិបតីអាម៉េរិក ចូ បៃដិន ធ្វើទស្សនកិច្ចនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី ១០ ខែកញ្ញា ដោយមានគោលដៅលើកកម្ពស់ទំនាក់ទំនងជាផ្លូវការរវាងប្រទេសទាំងពីរ ។ មន្ត្រីរដ្ឋបាលអាម៉េរិកបាននិយាយថា លោក បៃដិន នឹងផ្តល់ការគាំទ្រដល់ប្រទេសវៀតណាម ដើម្បីជំរុញការផលិតបន្ទះឈីបរបស់ខ្លួន ។
សម្ពន្ធភាពនៃឧស្សាហកម្ម semiconductors គឺជាកត្តាជំរុញដ៏សំខាន់មួយរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចុះបញ្ចូលមេដឹកនាំកុម្មុយនិស្តវៀតណាមឱ្យយល់ព្រមដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាផ្លូវការរវាងប្រទេសទាំង២ ។ ទីក្រុងហាណូយ មានការស្ទាក់ស្ទើរពីដំបូងចំពោះការផ្លាស់ប្តូរ ជុំវិញការភ័យខ្លាចនៃប្រតិកម្មមិនល្អពីប្រទេសចិន ។
ការជំរុញទំនាក់ទំនងផ្លូវការរវាងអាម៉េរិក និងវៀតណាមអាចនាំមកនូវការវិនិយោគឯកជនថ្មីរាប់ពាន់លានដុល្លារ និងមូលនិធិសាធារណៈមួយចំនួនដល់ឧស្សាហកម្ម semiconductor របស់វៀតណាម ។ ប៉ុន្តែមន្ត្រីឧស្សាហកម្ម អ្នកវិភាគ និងអ្នកវិនិយោគបាននិយាយថា ក្រុមអ្នកជំនាញ និងវិស្វករដែលបានទទួលការបណ្តុះបណ្តាលតិចតួចនឹងក្លាយជាឧបសគ្គដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃឧស្សាហកម្មបន្ទះឈីប ។
លោក Vu Tu Thanh ប្រធានការិយាល័យក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានវៀតណាមបាននិយាយថា “ចំនួនវិស្វករផ្នែកបច្ចេកវិទ្យាកុំព្យូទ័រដែលវៀតណាមមាន គឺទាបជាងអ្វីដែលត្រូវការដើម្បីគាំទ្រការវិនិយោគរាប់ពាន់លានដុល្លារ ដោយប្រទេសនេះមានប្រជាជនជាង ១០០ លាននាក់ ប៉ុន្តែមានវិស្វករដែលបានទទួលការបណ្តុះបណ្តាលត្រឹមតែ ៥,០០០ ទៅ ៦,០០០ នាក់ប៉ុណ្ណោះសម្រាប់ផ្នែកបន្ទះឈីប ធៀបនឹងតម្រូវការដែលរំពឹងទុកចំនួន ២០,០០០នាក់ក្នុងរយៈពេល ៥ ឆ្នាំ និង ៥០,០០០ នាក់ក្នុងរយៈពេលមួយទស្សវត្សន៍ខាងមុខ ។
Reuters